ខេត្តកណ្តាល ៖ បុរសម្នាក់ មិនស្រួលខ្លួន ឲ្យកូនកោសខ្យល់ឲ្យ ព្រឹកឡើងបែរជាកូនដាស់មិនភ្ញាក់ គាស់ទ្វារចូលមើល ទើបដឹងថាស្លាប់បាត់ទៅហើយមិនដឹងតាំងពីពេលណា ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ ក្នុងបន្ទប់ជួលលេខ០៨ ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
.jpg?1746177203)
សមត្ថកិច្ចបានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោ រិន សេន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើត ភូមិកំពង់ឬស្សី ឃុំកំពង់ឬស្សី ស្រុកពារាំង ខេត្តព្រៃវែង។
តាមប្រភព័ត៌មានពីកូនរបស់ជនរងគ្រោះបានអោយដឹងថា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤ល្ងាច ជនរងគ្រោះធ្វើការកម្មករនៅរោងចក្រខោខូវប៊យនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយធ្វើការវេនយប់ ស្នាក់នៅបន្ទប់ជួលជាមួយកូន ស្រាប់តែជនរងគ្រោះមានអាការៈមិនស្រួលខ្លួន បានអោយកូនកោសខ្យល់អោយ ហើយក៏ដេកសំរាកក្នុងបន្ទប់ចាក់សោរខាងក្នុង កូនវិញទៅធ្វើការនៅរោងចក្រ ដូចសព្វដង ។ លុះព្រឹកឡើងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៧និង៣០នាទីព្រឹក កូនជនរងគ្រោះត្រលប់មកពីធ្វើការរោងចក្រវិញ មកដល់បន្ទប់ គោះទ្វារហៅឪពុក តែមិនបើក ស្រែកហៅផង ក៏មិនឆ្លើយ ទាញទ្វារអើតមើលចន្លោះប្រហោង ឃើញឪពុកដេក សង្ស័យក៏ហៅបងប្អូន និងម្ទាស់ផ្ទះជួល នាំគ្នាទម្លុះទ្វារ ចូលទៅក្នុងបន្ទប់ឃើញឪពុកដេកស្លាប់មិនដឹងពីពេលណា បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការពិនិត្យទៅលើសាកសពយ៉ាងយកចិត្តទុកដាក់បញ្ជាក់ថា សពស្លាប់ដោយសារ គាំងបេះដូង និងប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕នុច
