ខេត្តក្រចេះ ៖ ពិតជារន្ធត់ណាស់លោកអើយ កូន២នាក់ ឪពុកម្តាយ២នាក់ សរុប៤នាក់មួយគ្រួសារ បានស្លាប់ទាំងអស់ រណូករណែល ក្រោយជិះម៉ូតូឌុបគ្នា ត្រូវរថយន្តប្រភេទបែន បុកស្លាប់យ៉ាងរន្ធត់ រួចហើយព្យាយាមបើករត់ តែត្រូវសមត្ថកិច្ចដេញចាប់បានមកវិញ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២និង៣៥នាទី ថ្ងៃត្រង់ទី១ ខែឧសភា ឆ្នាំ២០២៥ ចំណុចស្ពានឆ្លូង ក្នុងភូមិសំរង ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ឪពុកម្ដាយរួមទាំងកូនៗ២នាក់ សរុប៤នាក់មួយគ្រួសារ បានជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ក្រចេះ 1E -0786 ឌុបគ្នាតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តធំមួយគ្រឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-3218 បានបុកបណ្ដាលឱ្យមនុស្ស ៤នាក់ខាងលើស្លាប់បាត់បង់ជីវិតរណូករណែលយ៉ាងសង្វេគបំផុត ។

បន្ទាប់ពីបុកជនរងគ្រោះស្លាប់១គ្រួសារហើយនោះ រថយន្តខាងលើ ដែលបើកបរដោយ ឈ្មោះម៉ៅ វ៉ាន់នី ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំនៅភូមិអូរ២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ប៉ុន្តែត្រូវបានកម្លាំងដេញតាមស្ទាក់ឃាត់ខ្លួនបានមកវិញដើម្បីចាត់ការតាមផ្លូវច្បាប់ ។សូមចូលរួមរំលែកទុក្ខផង ៕នុច



