មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បំភ្លឺព័ត៌មាន ពាក់ព័ន្ធការផ្សព្វផ្សាយតាមបណ្តាញសង្គមពី រថយន្តគិលានសង្គ្រោះរបស់មណ្ឌលសុខភាពគោករកា មកយកអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ មកដល់បែរជាតម្រូវឲ្យមានសាច់ញាតិ ឬអាជ្ញាធរមានសមត្ថកិច្ចទៅជាមួយទើបដឹកយកទៅសង្គ្រោះ
សន្តិសុខសង្គម
72

រាជធានីភ្នំពេញ ៖ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ បានចេញនូវសេចក្តីបំភ្លឺព័ត៌មាន ដូចតទៅ​។

មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាប ថា តាមរយៈបណ្តាញទំនាក់ទំនងសង្គមនានាមានការបង្ហោះរូបភាពវីដេអូ រថយន្តគិលានសង្គ្រោះរបស់មណ្ឌល សុខភាពគោករកា “ស្នើសុំអោយអាជ្ញាធរមូលដ្ឋានដែលនៅកន្លែងកើតអោយទៅជាមួយរថយន្តគិលានសង្គ្រោះ” ។

នាយប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥វេលាម៉ោង២២:១៣នាទី ១១៩ បានខលហៅរថយន្តគិលានសង្គ្រោះ របស់មណ្ឌលសុខភាពគោករកា ទៅដឹកជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវ២០១១ភូមិត្រពាំងជើងស្រុក សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ នៅពេលរថយន្តគិលានសង្គ្រោះរបស់មណ្ឌលសុខភាពគោករកាបានទៅដល់ កន្លែងកើតហេតុ វេលាម៉ោង២២:៣០នាទី អ្នកបើកបររថយន្តគិលានសង្គ្រោះបាន ស្នើសុំអោយអាជ្ញាធរមូលដ្ឋាន ដែលនៅកន្លែងកើតឡើងរថយន្តទៅជាមួយជនរងគ្រោះ” ប៉ុន្តែត្រូវបានគ្រូពេទ្យនៅជាមួយបានកែលម្អវិញភ្លាមៗ នៅទីកន្លែងនោះ បន្ទាប់មករថយន្តគិលានសង្គ្រោះបានដឹកជនរងគ្រោះចេញពីកន្លែងកើតហេតុនៅវេលាម៉ោង ២២:៣៧នាទី និងបានបញ្ជូនអ្នកជំងឺគ្រោះថ្នាក់ចរាចរណ៍ទៅដល់ មន្ទីរពេទ្យជាតិ មរតកតេជោសន្តិភាព នៅវេលា ម៉ោង២៣:០០នាទីយប់ថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥។

ជាមួយនឹងកំហុសដោយអចេតនាបន្តិចបន្តួចនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំ ដល់បុគ្គលដែលបើករថយន្តគិលានសង្គ្រោះរបស់មណ្ឌលសុខភាពគោករការួចហើយ និងបានណែនាំបន្ថែមលើក្រុម រថយន្តគិលានសង្គ្រោះដទៃទៀត រាល់គ្រោះថ្នាក់ចរាចរណ៍ ក្រុមរថយន្តគិលានសង្គ្រោះត្រូវទៅយកជនរងគ្រោះតាម លក្ខណៈបច្ចេកទេស និងបញ្ជូនទៅមន្ទីរពេទ្យជាតិ ឬមន្ទីរពេទ្យបង្អែក ដើម្បីទទួលការព្យាបាលបន្ត។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន ៕



Telegram