ខេត្តកំពង់ឆ្នាំង ៖ ករណីឃាតកម្មមួយបានកើតឡើង ដោយបងថ្លៃ បានកាប់សម្លាប់ប្អូនថ្លៃយ៉ាងរន្ធត់ ក្រោយបោះសម្តីថា «បើមានឯងអត់អញ បើមានអញអត់ឯង» ត្រូវសមត្ថកិច្ចចាប់ខ្លួនបានផងដែរ ។
ឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ១២ និង ៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលរលប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះជនដៃដល់មានឈ្មោះ ជឹមសំអាត ហៅទុំ អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិព្រៃខ្មែរ ឃុំ រលាប្អៀរ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ធ្វើការចាប់ឃាត់ខ្លួន និងត្រូវជាបងប្អូនថ្លៃជាមួយសពជនរងគ្រោះឈ្មោះ រឿន ពយ អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ហើយករណីនេះផ្តើមចេញពីការទាស់សម្តីគ្នាតាំងពីខែមករាមកម្ល៉េះបន្ទាប់មក ចេះតែគុំគួន រហូតដល់ថ្ងៃកើតហេតុ ខែឧសភា ក៏ឈានដល់ការកាប់សម្លាប់តែម្តង ខណៈដែលជនរងគ្រោះកំពុងតែដេកលង់លក់នៅលើផ្ទះរបស់ខ្លួន ក្រោយបោះសម្តីថា «បើមានឯងអត់អញ បើមានអញអត់ឯង» ។
បច្ចុប្បន្នជនសង្ស័យជាជនដៃដល់ ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់៕





