មន្ត្រីជំនាញរកឃើញបង្គាចាក់ចាហួយ ដាក់លក់ក្នុងផ្សារលើក្នុងខេត្តព្រះសីហនុ លើកនេះអប់រំ បើមានលើកក្រោយនឹងមានវិធានការតាមផ្លូវច្បាប់!
ខេត្តព្រះសីហនុ ៖ យោងតាមការចេញផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា
នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះសីហនុ ចុះទៅដល់ទីតាំងស្តង់លក់គ្រឿងសមុទ្រ មួយកន្លែង ស្ថិតនៅផ្សារលើ ខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវករណីបង្គាចាក់ចាហួយ តាមបណ្តឹងរបស់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តដែលបានទិញយកទៅបរិភោគ។
បន្ទាប់ពីបានធ្វើការសាកសួរម្ចាស់ទីតាំងលក់បង្គានោះរួចមក គាត់បានទទួលសារភាពថា ខ្លួនពិតជាបានចាក់ចាហួយចូលក្នុងបង្គាពិតប្រាកដមែន។
ក្នុងនោះ មន្ត្រីយើងបានដកហួតបង្គាចំនួន ៥គីឡូក្រាម ដែលនៅសល់ក្នុងស្តង់លក់ រួចធ្វើការអប់រំណែនាំ ធ្វើការកិច្ចសន្យាហាមឃាត់ឱ្យម្ចាស់ទីតាំងបញ្ឈប់ការលក់បែបនេះបន្តទៀត បើពុំនោះទេ មន្រ្តី ក.ប.ប. នឹងមានវិធានការតាមផ្លូវច្បាប់ជាធរមាន ផងដែរ៕





