សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់និន្នាការ រួបរួមគ្នាគាំទ្រកងទ័ពដើម្បីការពារជាតិ
ព័ត៌មានជាតិ
71

យោងតាមការចេញផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ ឲ្យបញ្ឈប់សកម្មភាពដែលអាចធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តកងកម្លាំងប្រដាប់អាវុធជាតិ។ ថ្លែងនៅក្នុងសម័យប្រជុំរួមរដ្ឋសភា-ព្រឹទ្ធសភានាព្រឹកថ្ងៃចន្ទនេះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ពីតម្រូវការដ៏សំខាន់នៃការរួបរួមជាតិក្នុងការការពារបូរណភាពទឹកដីកម្ពុជា។

ខណៈពេលដែលបញ្ជាក់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការផ្គត់ផ្គង់កងទ័ពនៅតាមព្រំដែនឲ្យបានគ្រប់គ្រាន់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ផ្តល់នូវកម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ សម្តេចក៏បានជំរុញឲ្យប្រជាពលរដ្ឋខ្មែរបន្តចូលរួមចំណែកគាំទ្រកងទ័ព។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នាក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង»។

សម្តេចបានសង្កត់ធ្ងន់បន្ថែមថា៖ «ពេលនេះជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង ដើម្បីការពារទឹកដី។ រឿងនយោបាយ យើងនិយាយពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីរបស់បងប្អូន សុំលុបទៅ។ មិនមែនពេលកេងចំណេញនយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ ប៉ុន្តែជាពេលមូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យ គឺទឹកដី និងជីវិតបងប្អូន»។

ក្នុងន័យនេះ សម្តេចធិបតីបានថ្លែងអំណរគុណសាជាថ្មីដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលតែងតែចូលរួមឧបត្ថម្ភកងទ័ព ទាំងស្បៀងអាហារ និងទឹកចិត្ត ហើយសម្តេចក៏បានស្នើសុំបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពរបស់យើងបន្តទៀតផងដែរ៕ 


Telegram