ព្រឹទ្ធាចារ្យក្រមាមាស សាន គឹមស៊ាន ទទួលមរណភាពហើយ ដែលជាការបាត់បង់នូវមរតកវប្បធម៌មនុស្សរស់យ៉ាងសំខាន់នៃ មរតកក្បាច់គុនល្បុក្កតោ
ព័ត៌មានជាតិ
48

យោងតាមផេកផ្លូវការរបស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​ បានមានប្រសាសន៍នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ថា

ខ្ញុំមានក្តីរន្ធត់ និងសោកស្តាយជាពន់ពេក បន្ទាប់ពីទទួលដំណឹងមរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ សាន គឹមស៊ាន ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ។ ក្នុងគ្រាដ៏សែនសោកសៅនេះ ខ្ញុំចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ និងសិស្សគុនរបស់លោកគ្រូព្រឹទ្ធាចារ្យ និងសូមបួងសួងឱ្យវិញ្ញាណក្ខន្ធលោកគ្រូព្រឹទ្ធាចារ្យបានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

មរណភាពរបស់ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យ ជាការបាត់បង់នូវមរតកវប្បធម៌មនុស្សរស់យ៉ាងសំខាន់នៃមរតកក្បាច់គុនល្បុក្កតោ។ បន្ទាប់ពីបានឆ្លងផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្តក្នុងការថែរក្សា លើកកម្ពស់ និងផ្ទេរបន្ដនូវចំណេះវិជ្ជាក្បាច់គុនល្បុក្កតោទៅកាន់អ្នកជំនាន់ក្រោយជាបន្ដបន្ទាប់រហូតមានការទទួលស្គាល់គួរកត់សម្គាល់ទាំងថ្នាក់ជាតិ និងអន្ដរជាតិ។ លោកគ្រូក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំការបង្ហាញក្បាច់គុនល្បុក្កតោ នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត តាំងពីឆ្នាំ២០១៣មក។ លើសពីនោះទៅទៀត ឯកឧត្តមបណ្ឌិតព្រឹទ្ធាចារ្យបានខិតខំស្រាវជ្រាវចងក្រងទុកនូវក្បាច់គុនល្បុក្កតោដើម្បីជាតឹកតាង និងកេរតំណែលបន្ដទៅកាន់កូនខ្មែរជំនាន់ក្រោយបន្ដទៀត។

យើងខ្ញុំចងចាំមិនភ្លេចនូវគុណូបការៈ និងវីរភាពរបស់ឯឧត្តមលោកគ្រូព្រឹទ្ធាចារ្យ ដែលបានលះបង់អស់កម្លាំងកាយចិត្តព្យាយាមថែរក្សាមិនឱ្យបាត់បង់នូវមរតកគុនល្បុក្កតោខ្មែរ ៕


Telegram