តារាសម្តែងនិងចម្រៀង អ្នកនាង ស៊ិន ឧត្តមផល្លា ទទួលមរណភាពហើយដោយសារជំងឺមហារីកដំណាក់កាលចុងក្រោយ
សិល្បៈកម្សាន្ត
487

រាជធានីភ្នំពេញ៖ តាមការបញ្ជាក់របស់លោក សាវិន ហ្វីលីព ដែលជាតារាសម្តែងម្នាក់ បានបញ្ជាក់ថា អ្នកនាង ស៊ិន ឧត្តមផល្លា ដែលជាតារាសម្តែងនិងចម្រៀង បានទទួលមរណភាពនៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ ។

ការស្លាប់របស់អ្នកនាង ស៊ិន ឧត្តមផល្លា ត្រូវបានបណ្តាអ្នកសិល្បៈដែលជិតឌិតនឹងអ្នកនាង ទម្លាយថា បណ្តាលមកពីជំងឺមហារីកដំណាក់កាលចុងក្រោយ ក្រោយអ្នកនាង បានធ្លាក់ខ្លួនឈឺធ្ងន់នៅមន្ទីរពេទ្យ តែទើបតែរយៈពេលចុងក្រោយប៉ុណ្ណោះ ដែលអ្នកនាងទម្លាយឲ្យគេបានដឹង ខណៈកន្លងមក អ្នកនាងតែងតែព្យាយាមលាក់បាំងមិនបង្ហាញ។

ក្នុងនោះ កាលពីកន្លងទៅ អ្នកនាងក៏បានទទួលស្គាល់ផងដែរថា អ្នកនាងធ្លាក់ខ្លួនឈឺព្រោះជំងឺមហារីកដំណាក់កាលចុងក្រោយ នេះ ស្របពេលដែលសភាពរបស់អ្នកនាង ចុះខ្សោយ សក់ក៏ជ្រុះស្ទើរពីក្បាល ផងដែរ។

សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកនាង ស៊ិន ឧត្តមផល្លា អញ្ជើញទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕