នៅព្រឹកថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន២០០នាក់បានធ្វើដំណើរទៅទស្សនកិច្ចប៉ែកឦសាន ជាលើកទី៧ហើយដែល រាប់ចាប់តាំងពីដំណើរលើកទី១ កាលពីដើមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ រហូតពេលនេះ មានអ្នកចូលរួមសរុបចំនួន១,៣១១ នាក់ហើយ។
សមាសភាពអ្នកបានចូលរួមទាំងនោះមានព្រះសង្ឃ សិស្ស និស្សិត បញ្ញវ័ន្ត ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីទាំងអស់ ដែលបានក្លាយទៅជាសាក្សីទាក់ទងសុវត្ថិភាពព្រំដែនខ្មែរនៅតំបន់ឦសាន។
នៅក្នុងដំណើរទស្សនកិច្ចចំនួន៦លើកកន្លងទៅ និង១លើកនេះទៀត អ្នកចូលរួមបានទៅដល់ភូមិសាស្ត្រខេត្តត្បូងឃ្មុំ ស្ទឹងត្រែងខេត្តក្រចេះ រតនគីរី និងខេត្តមណ្ឌលគិរី ដោយបានឃើញផ្ទាល់ភ្នែកទីតាំងបង្គោលព្រំដែនលេខ១៣០ ស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បង្គោលព្រំដែនលេខ៦៥ បង្គោលព្រំដែនលេខ៦៩ បង្គោលព្រំដែនលេខ៣៤ ក្នុងភូមិសាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងជាខណ្ឌសីម៉ាព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសឡាវ និងច្រកទ្វារអន្តរជាតិត្រពាំងក្រៀល ព្រមទាំងបង្គោលព្រំដែនលេខ ៣០ នៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ព្រំប្រទល់កម្ពុជានិងវៀតណាម។
លើសពីនេះទៅទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិតនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន នៅប៉ែកឦសាន ជាមួយការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។
ទស្សនកិច្ចនេះបានចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ និងបំផ្លាញចោលរាល់ការបំភ្លៃការពិតពីសំណាក់ក្រុមជ្រុលនិយមក្រៅច្បាប់មួយក្តាប់តូច ហើយទទួលបានមកវិញនូវការបន្តរួមចំណែកក្នុងការថែរក្សាការពារស្ថិរភាពក្នុងសង្គមដើម្បីកំណើនសេដ្ឋកិច្ច។
សូមរំលឹកជូនថា នេះគឺជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយថវិកាសម្រាប់ការចំណាយគឺជាការឧបត្ថម្ភដោយផ្ទាល់ពីសម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងសប្បុរសជន ដែលជាថវិកាដោយឡែក មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែននោះឡើយ។
សូមបញ្ជាក់ថាសន្ទុះនៃការចុះឈ្មោះចូលរួមដំណើរទស្សនកិច្ចរបស់ប្រជាពលរដ្ឋបានបន្តកើនឡើង ដែលមកដល់ពេលនេះបានកើនឡើងប្រមា ៣,៥០០នាក់ ហើយដែលដំណើរទស្សនកិច្ចនេះនឹងបន្តរៀបចំរហូតដល់បំណាច់ឆ្នាំ២០២៤នេះ៕




