មនុស្សយ៉ាងតិច១២នាក់បានស្លា.ប់ និងជាង១៤០នាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការផ្ទុះហ្គាសមួយនៅក្នុងខេត្តហ៊ូប៉ីនៃប្រទេសចិន
អន្តរជាតិ
106

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីក្នុងតំបន់ បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ១២ នាក់បានស្លាប់ និងជាង១៤០ នាក់ផ្សេងទៀតរងរបួស នៅពេលដែលមានការផ្ទុះបំពង់ហ្គាស បានឆាបឆេះនៅតាមបរិវេណលំនៅដ្ឋានមួយ ក្នុងខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន កាលពីថ្ងៃអាទិត្យ (១៣ មិថុនា) ។

យោងតាមសេចក្តីថ្លែងការណ៍មួយពីការិយាល័យគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងទីក្រុង Shiyan បាន ឲ្យដឹង ថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងតែបន្តទៅមុខទៀត ទោះបីមិនទាន់ដឹងថា មានមនុស្សប៉ុន្មាននាក់នៅ ជាប់នៅក្រោមគំនរបាក់បែកនោះនៅឡើយក៏ដោយ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ៦ និង ៣០ នាទីព្រឹក ហើយការស៊ើបអង្កេត កំពុងដំណើរការ ដើម្បីកំណត់ពីមូលហេតុនៃការផ្ទុះនេះ។

ក្រុមអ្នកឆ្លើយតបបានបញ្ជូនមនុស្ស ១៣៨ នាក់ទៅកាន់មន្ទីរពេទ្យ ដែលក្នុងនោះ ៣៧ នាក់បានរងរបួសធ្ងន់ធ្ងរ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រផ្លូវការរបស់ទីក្រុង។

ខ្សែវីដេអូដែលថតដោយសារព័ត៌មានប៉េកាំងបង្ហាញថា ផ្នែកអគារជាច្រើនត្រូវបានបាក់បែកទៅជាគំនរ និងក្រុមអ្នកជួយសង្គ្រោះបានដឹកអ្នកដែលនៅរស់រានមានជីវិត ។

សាក្សីម្នាក់បានប្រាប់កាសែត Global Times ថា ការផ្ទុះនេះបានឆាបឆេះផ្សារបន្លែមួយក្នុងក្រុង ដែលពោរពេញទៅដោយអ្នកដើរផ្សារនិងអ្នកស្រុក ដែលកំពុងហូបអាហារពេលព្រឹក។

បុរសម្នាក់ដែលជាម្ចាស់ភោជនីយដ្ឋានតូចមួយក្បែរកន្លែងផ្ទុះបានប្រាប់កាសែតថា« ខ្ញុំលឺសំលេងផ្ទុះខ្លាំង ហើយភ្លាមៗនោះ បានក្រាប នៅក្រោមតុ ដោយគិតថាវាជាការរញ្ជួយដី»។

ទូរទស្សន៍រដ្ឋស៊ីស៊ីធីវី បានបង្ហាញពីរូបភាពនៃអគារដែលមានជញ្ជាំងឆេះនិងបង្អួចបែកខ្ចាត់ខ្ចាយ។

ការផ្ទុះនេះបានកើតឡើងនៅក្នុងអគារកម្ពស់ពីរជាន់ ។

រដ្ឋាភិបាលទីក្រុងបាននិយាយថា ប្រជាជនប្រហែល ៩០០ នាក់នៅក្នុងតំបន់នេះ ត្រូវបានជម្លៀសចេញ ខណៈអគារដែលនៅជុំវិញអាចរងការខូចខាតដោយសារការផ្ទុះនេះ៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង​ ណារិន

Telegram