ប្រទេសថៃ៖ សារព័ត៌មាន Bangkokpost បានចេញផ្សាយនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ជនសង្ស័យចំនួន១១ នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការ របស់ប៉ូលិស៣ដាច់ដោយឡែកពីគ្នា ដែលក្នុងនោះមេតំហ្វេតាមីនគ្រីស្តាល់ទម្ងន់៥០០គីឡូក្រាម និងថ្នាំគ្រាប់ជាង៤លានត្រូវបានរឹបអូស។
ករណីទី១ ប៉ូលិសការិយាល័យបង្ក្រាបគ្រឿងញៀន (NSB) បានចាប់ខ្លួនបុរស៤នាក់ នៅ Phitsamai Resort ក្នុងស្រុកKuchinarai នៃខេត្តKalasin កាលពីថ្ងៃទី១០ ខែមិថុនា។
អគ្គស្នងការរងនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ Manu Memok និងប្រធាន NSB លោកឧត្តមសេនីយ៍ឯក Montri Yimyaem បានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីម្សិលមិញ។
ករណីទី២៖ ជនសង្ស័យចំនួន៤នាក់ក្នុងនោះ ម្នាក់ជាស្ត្រីត្រូវបានចាប់ខ្លួន ដោយដកហូតថ្នាំចំនួន២០០,០០០គ្រាប់។
ក្រុមក្មេងទំនើងនេះ ត្រូវបានគេចាប់ឃាត់ខ្លួន ខណៈដែលគេព្យាយាមដឹកគ្រឿងញៀនទៅឲ្យអ្នកចែកបៀនៅកន្លែងណាមួយ នៅភាគខាងត្បូងនៃប្រទេស។
ករណីទី៣៖ បុរស៣នាក់ ត្រូវបានចាប់ខ្លួន និងថ្នាំគ្រាប់ចំនួន៤លានគ្រាប់ដែលរឹបអូសបានពីក្នុងរថយន្តរបស់ពួកគេ នៅក្នុងចំណតរថយន្តមួយកន្លែងនៅផ្សារTalat Thai ក្នុងឃុំKhlong Luang ស្រុក Pathum Thani ។
លោកឧត្តមសេនីយ៍ទោ Manu បាននិយាយថា ជនសង្ស័យទាំង ៤នាក់ ដែលពាក់ព័ន្ធនឹងការរត់ពន្ធគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រីស្តាល់ទម្ងន់ជាង ៥០០ គីឡូក្រាម ត្រូវបានភ្ជាប់ទៅនឹងបណ្តាញគ្រឿងញៀនឆ្លងប្រទេស។
អគ្គស្នងការរងនគរបាលជាតិរូបនេះបាននិយាយថា ជនសង្ស័យនិងសមាជិកបណ្តាញផ្សេងទៀត បានរត់ពន្ធគ្រឿងញៀនទៅកាន់ហុងកុង អូស្ត្រាលី និងនូវែលហ្សេឡង់។
លោកឧត្តមសេនីយ៍ឯក Montri បាននិយាយថា អង្គការសហប្រជាជាតិ បានផ្តល់តួលេខដែលបង្ហាញថា ការរត់ពន្ធមេតំហ្វេតាមីនគ្រីស្តាល់បានកើនឡើងក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺCovid-19 ហើយគ្រឿងញៀនត្រូវបានរត់ពន្ធពីប្រទេសចំនួន៥ នៅអាស៊ី រួមទាំងប្រទេសថៃផងដែរ៕
ប្រភព៖ Bangkokpost ប្រែសម្រួល៖ នង ណារិន