អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ភូមិមួយនៅកណ្តាលប្រទេសមីយ៉ាន់ម៉ា ត្រូវបានអគ្គិភ័យឆាបឆេះ បន្ទាប់ពីមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងសន្តិសុខនិងក្រុមឧទ្ទាម ក្នុងស្រុកដែលបណ្តាលឱ្យមនុស្សយ៉ាងតិច២នាក់បានស្លាប់។
អ្នកស្រុកបានប្រាប់ BBC ថា ផ្ទះ២០០ខ្នង ក្នុងចំណោមផ្ទះ២៤០ ខ្នង នៅភូមិគីនម៉ា ត្រូវបានយោធាវាយប្រហារកាលពីថ្ងៃអង្គារ។ ពួកគេបាននិយាយថា ឧប្បត្តិហេតុបានចាប់ផ្តើម បន្ទាប់ពីកម្លាំងបានប៉ះទង្គិចជាមួយកងជីវពល ក្នុងតំបន់ដែលប្រឆាំងនឹងរបបគ្រប់គ្រង។
លោក Dan Chugg ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំប្រទេសមីយ៉ាន់ម៉ា បានថ្កោលទោសការវាយប្រហារនេះ។
ការបង្ហោះតាមហ្វេសប៊ុកបានសរសេរ ថា«របាយការណ៍ដែលថា របបយោធាបានដុតបំផ្លាញភូមិមួយទាំងមូល នៅទីក្រុងMagway ដោយបានសម្លាប់ប្រជាជនវ័យចំណាស់បង្ហាញជាថ្មីម្តងទៀតថា យោធានៅតែបន្តប្រព្រឹត្តបទឧក្រិដ្ឋដ៏គួរឱ្យស្អប់ខ្ពើមនិងមិនគិតដល់ប្រជាជនមីយ៉ាន់ម៉ា»។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ទូរទស្សន៍រដ្ឋMRTV បានរាយការណ៍ថាប្រព័ន្ធផ្សព្វផ្សាយណាមួយដែលបានលើកឡើងពីបុព្វហេតុមួយទៀតគឺ «មានចេតនាធ្វើឱ្យខូចដល់យោធា»។
អ្នកស្រុកម្នាក់បានប្រាប់ BBC ថា កម្លាំងសន្តិសុខបានប៉ះទង្គិចគ្នាជាមួយកម្លាំងការពារប្រជាជន (PDF) កាលពីថ្ងៃអង្គារ។ ក្រុមនេះត្រូវបានបង្កើតឡើងបន្ទាប់ពីមានរដ្ឋប្រហារយោធាថ្មីៗនេះ ហើយបានចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងប៉ូលីសនិងយោធាជាមួយនឹងអាវុធច្នៃ។ អ្នកស្រុកបាននិយាយថា« នៅពេលសមាជិក PDF បានដកថយពួកគេ(កងកម្លាំងសន្តិសុខ) បានចូលមកក្នុងភូមិ ហើយបានចាប់ផ្តើមបំផ្លាញផ្ទះនៅភាគខាងត្បូង។ ស្ទើរតែភូមិទាំងមូលត្រូវបានដុតបំផ្លាញ»។
អ្នកស្រុកនិយាយថា ទោះយ៉ាងណា មនុស្សចាស់២នាក់ មិនអាចរត់និងស្លាប់នៅក្នុងអគ្គិភ័យនោះបានទេ ខណៈមនុស្សមួយចំនួនទៀត ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ យោងតាមសារព័ត៌មានរ៉យទ័រ អគ្គិភ័យត្រូវបានកត់ត្រាដោយប្រព័ន្ធតាមដានផ្កាយរណបណាសាកាលពីថ្ងៃអង្គារ។
យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចកាលពីខែកុម្ភៈ ដោយចោទប្រកាន់ការលួចបន្លំអ្នកបោះឆ្នោតក្នុងការបោះឆ្នោតសកលដែលបានធ្វើឡើងកាលពីឆ្នាំមុន។ បាតុកម្មបានរាលដាលពាសពេញប្រទេសបន្ទាប់ពីរដ្ឋប្រហារ។ កម្លាំងសន្តិសុខបានឆ្លើយតបជាមួយនឹងការបង្ក្រាបដ៏ឃោរឃៅមួយដោយបាន សម្លាប់មនុស្សជាង ៨០០ នាក់និងឃុំខ្លួនជិត ៥.០០០ នាក់៕
ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន