មនុស្សជាច្រើនបានស្លា.ប់ដោយសារទឹកជំនន់ និងការបាក់ដី នៅប្រទេសប៊ូតាននិងនេប៉ាល់
អន្តរជាតិ
114

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ទឹកជំនន់ដែលបណ្តាលមកពីភ្លៀងមូសុងខ្លាំង បានបោកបក់ជំរុំជួរភ្នំដាច់ស្រយាលមួយនៅក្នុងប្រទេស ប៊ូតាន់(Bhutan) ដោយបានសម្លាប់មនុស្ស១០នាក់និងរងរបួស៥នាក់ ខណៈទឹកជំនន់នៅប្រទេសជិតខាងគឺប្រទេសនេប៉ាល់ បានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងតិច ៣ នាក់ និងបាត់ខ្លួន ៧ នាក់។ ជំរុំរបស់ពួកគេនៅជិតឡាយ៉ាចម្ងាយប្រហែល ៦០ គីឡូម៉ែត្រ (៣៧ ម៉ៃល៍) ភាគខាងជើងនៃរដ្ឋធានី Thimphu ត្រូវបានទឹកហូរនាំគួចទៅ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាយករដ្ឋមន្រ្តីប៊ូតាន់ លោក Lotay Tshering បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«ដួងចិត្តរបស់យើងនៅជាមួយប្រជាជននៃ Laya នៅថ្ងៃនេះ ដូចដែលយើងបានដឹងអំពីសោកនាដកម្មដែលបានវាយប្រហារ»។

ឧទ្ធម្ភាគចក្រ ២គ្រឿង ត្រូវបានកេណ្ឌដើម្បីជម្លៀសអ្នករងរបួសនិងអ្នកជួយសង្គ្រោះ ហើយកម្លាំងប្រដាប់អាវុធកំពុងធ្វើដំណើរទៅកាន់កន្លែងដែលអាចទៅដល់ ដើម្បីជួយសង្រ្គោះអ្នករងគ្រោះ។

កាសែតប៊ូតាន បាននិយាយថា អ្នកភូមិកំពុងបោះជំរំនៅក្បែរទឹកហូរតូចមួយនៅចន្លោះភ្នំតូចៗពីរ។ វាត្រូវបានគេជឿជាក់ថា ពួកគេត្រូវបានទឹកនាំទៅដោយទឹកជំនន់ដែលហូរចុះតាមអូរ។

នៅក្នុងប្រទេសនេប៉ាល់ អ្នកនាំពាក្យប៉ូលីស លោក Basanta Bahadur Kunwar បាននិយាយថា ក្រុមជួយសង្គ្រោះបានរកឃើញសាកសព ៣ នាក់គឺពីរនៅភាគខាងលិចប្រទេសនេប៉ាល់និងមួយនៅកណ្តាលប្រទេស។

លោក Kunwar បានប្រាប់ទីភ្នាក់ងារព័ត៌មាន DPA ថា«កម្លាំងសន្តិសុខបាននិងកំពុងធ្វើការជាមួយប្រជាជនក្នុងតំបន់ ដើម្បីជួយសង្គ្រោះគ្រួសារដែលរងផលប៉ះពាល់និងផ្លាស់ប្តូរទីលំនៅទៅកន្លែងដែលមានសុវត្ថិភាព»។

មន្ត្រីក្រសួងមហាផ្ទៃ លោក Dil Kumar Tamang បាននិយាយថា មនុស្ស ៧ នាក់បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់មួយយប់នៅក្នុងស្រុក Sindhupalchowk ដែលមានព្រំប្រទល់ជាប់តំបន់ទីបេនៃប្រទេសចិន បង្កឱ្យមានទឹកជំនន់ភ្លាមៗនៅក្នុងទន្លេ Melamchi ដែលជន់លិចផ្ទះរាប់សិបខ្នង។ លោក Tamang បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា«យើងកំពុងប្រមូលព័ត៌មានលម្អិតអំពីការខាតបង់»។

ជំនន់ទឹកភ្លៀងជាង៣ថ្ងៃ បណ្តាលឱ្យទឹកទន្លេ មេឡាជី ឡើងហក់ឡើង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនខ្នងខូចខាត ស្ពាននិងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងក្រុងចំនួន ២ នៅភាគឦសាននៃKathmandu។ លោក Khanal បានប្រាប់ DPA ថា «យើងមិនអាចចូលមើលទំហំនៃការខូចខាតបានទេ»។

ប្រទេសនេប៉ាល់និងប៊ូតាន់ ត្រូវបានព្យុះភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ ខណៈរដូវមូសុងប្រចាំឆ្នាំចាប់ផ្តើម។ គ្រោះមហន្តរាយដែលកើតឡើងដោយសារខ្យល់មូសុងគឺជារឿងធម្មតានៅក្នុងប្រទេសទាំងពីរដោយសារភូមិសាស្ត្រជួរភ្នំនិងទន្លេធំៗ៕

ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន

Telegram