អង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ឈប់លំហូរអាវុធទៅកាន់ប្រទេស​មីយ៉ាន់ម៉ា និង​ជំរុញឱ្យដោះលែងអ្នកជាប់ឃុំរួមទាំង​លោកស្រី អ៊ុង សានស៊ូជី
អន្តរជាតិ
198

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ(១៨​មិថុនា)បានអំពាវនាវឱ្យបញ្ឈប់លំហូរអាវុធ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានជំរុញឱ្យយោធាគោរពលទ្ធផលនៃការបោះឆ្នោតខែវិច្ឆិកា និងដោះលែងអ្នកជាប់ឃុំនយោបាយ រួមទាំងមេដឹកនាំលោកស្រី អ៊ុង សានស៊ូជី ផងដែរ។

មហាសន្និបាតបានអនុម័តនូវដំណោះស្រាយមួយ ដោយមានការគាំទ្រពីប្រទេសចំនួន​១១៩​ក្នុងរយៈពេលប្រហែល ៤ ខែ បន្ទាប់ពីយោធាបានផ្តួលរំលំរដ្ឋាភិបាល ដែលបានជាប់ឆ្នោតរបស់លោកស្រី​ អ៊ុង​ សានស៊ូជី ក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ។

ប្រទេស បេឡារុស្ស​ បានស្នើឱ្យអត្ថបទនេះ ត្រូវបានគេបោះឆ្នោតហើយជាប្រទេសតែមួយគត់​ ដែលប្រឆាំងនឹងវា ខណៈដែលប្រទេសចំនួន ៣៦ បានបដិសេធ ក្នុងនោះមានប្រទេសចិននិងរុស្ស៊ីផងដែរ។សមាជិកមហាសន្និបាតចំនួន ៣៧ នាក់ដែលនៅសេសសល់មិនបានបោះឆ្នោតទេ។

អគ្គលេខាធិការ អង្គការ​ស​ហ​ប្រជាជាតិ លោក Antonio Guterres​ កាលពីព្រឹកថ្ងៃសុក្រ បានជំរុញមហាសន្និបាតឱ្យធ្វើសកម្មភាព ដោយប្រាប់អ្នកយកព័ត៌មានថា« ​យើងមិនអាចរស់នៅក្នុងពិភពលោក ដែលរដ្ឋប្រហារយោធាក្លាយជាបទដ្ឋានទេ។ វាមិនអាចទទួលយកបានទេ»។

យោធាបានលើកឡើងពីការបដិសេធរបស់រដ្ឋាភិបាលក្នុងការដោះស្រាយនូវអ្វីដែលខ្លួនបាននិយាយថា​ជាការក្លែងបន្លំនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ដែលជាហេតុផលនៃការធ្វើរដ្ឋប្រហារ។ អ្នកសង្កេតការណ៍អន្ដរជាតិបាននិយាយថា សន្លឹកឆ្នោតគឺត្រឹមត្រូវ។

សេចក្តីព្រាងដំបូងនៃដំណោះស្រាយរបស់​អង្គការសហប្រជាជាតិ រួមមានការប្រើភាសាខ្លាំងជាងមុន សម្រាប់ការដាក់ទណ្ឌកម្មអាវុធលើប្រទេសមីយ៉ាន់ម៉ា។ យោងតាមសំណើនោះកាលពីខែមុនប្រទេសចំនួន​៩​នៅអាស៊ីអាគ្នេយ៍ក៏ចង់បានភាសានេះផងដែរ។

អត្ថបទសម្រុះសម្រួលនេះ«អំពាវនាវដល់រដ្ឋជាសមាជិកទាំងអស់ ដើម្បីការពារលំហូរចូលអាវុធចូលប្រទេសមីយ៉ាន់ម៉ា» ។

សេចក្តីសម្រេចរបស់មហាសន្និបាតមិនមានលក្ខណៈស្របច្បាប់ទេ ប៉ុន្តែមានទម្ងន់ទៅនយោបាយ។ មិនដូចក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក​១៥​ប្រទេស គ្មានប្រទេសណាមានសិទ្ធិវ៉េតូក្នុងមហាសន្និបាតនោះទេ។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ បាននិយាយថា កម្លាំងរបស់របបយោធា បានសម្លាប់មនុស្សជាង​៨៦០​នាក់ ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី​១ ខែកុម្ភៈ។ របបយោធានិយាយថាចំនួននេះគឺទាបជាងនេះ។

ដំណោះស្រាយរបស់ អង្គការសហប្រជាជាតិ ​អំពាវនាវដល់យោធាមីយ៉ាន់ម៉ា ឲ្យបញ្ឈប់ជាបន្ទាន់ នូវរាល់អំពើហិង្សាប្រឆាំងនឹងក្រុមអ្នកតវ៉ាដោយសន្តិវិធី និងបញ្ចប់ការរឹតត្បិតលើប្រព័ន្ធអ៊ីនធឺណេតនិងបណ្តាញសង្គម។

មហាសន្និបាតក៏បានអំពាវនាវផងដែរដល់ប្រទេសមីយ៉ាន់ម៉ា ឱ្យអនុវត្តការមូលមតិគ្នា«ប្រាំចំណុច»ដែលរបបយោធាបានបង្កើតជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍​(អាស៊ាន) នៅក្នុងខែមេសា ដើម្បីបញ្ឈប់អំពើហិង្សា និងចាប់ផ្តើមការសន្ទនាជាមួយគូប្រជែងរបស់ខ្លួន។

អាស៊ានបញ្ជាក់ថា ប្រទេសព្រុយណេ កម្ពុជា ឡាវនិងថៃ បានបោះឆ្នោតជ្រើសរើសមហាសន្និបាត ខណៈប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីននិងវៀតណាម បានបោះឆ្នោតគាំទ្រ។ ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ​របស់មីយ៉ាន់ម៉ា លោក Kyaw Moe Tun ដែលនិយាយសម្រាប់រដ្ឋាភិបាលស៊ីវិល​ ដែលបានជាប់ឆ្នោតរបស់ប្រទេសនេះក៏បានបោះឆ្នោតយល់ព្រមផងដែរ៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង​ ណារិន

Telegram