មេដឹកនាំយោធាមីយ៉ាន់ម៉ា លោក Min Min Hlaing ទៅ​​ដល់ទីក្រុងម៉ូស្គូ ដើម្បីចូលរួមសន្និសីទសន្តិសុខអន្តរជាតិ
អន្តរជាតិ
132

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹ​ងថា មេបញ្ជាការយោធាមីយ៉ាន់ម៉ា បានទៅដល់ទីក្រុងមូស្គូ កាលពីថ្ងៃអាទិត្យ​(២០ មិថុនា) ដើម្បីចូលរួមសន្និសីទសន្តិសុខ ដែលជាការកត់សម្គាល់ការធ្វើដំណើរលើកទី​២ របស់លោកទៅ​ក្រៅប្រទេស ចាប់តាំងពីលោកបានកាន់កាប់អំណាចនៅក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានផ្តួលរំលំមេដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី និងរដ្ឋាភិបាលសម្ព័ន្ធមិត្តដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីកាលពីខែកុម្ភៈ។

​ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋ បាននិយាយថា មេដឹកនាំលោក Min Min Hlaing បានចាកចេញពីរដ្ឋធានី Nay Pyi នៅថ្ងៃអាទិត្យនេះ ក្នុងជើងហោះហើរពិសេសមួយ ដើម្បីចូលរួមសន្និសីទក្រុងម៉ូស្គូ ដើម្បីសន្តិសុខអន្តរជាតិ។ សេចក្តីរាយការណ៍បាននិយាយថា លោកកំពុងចូលរួមតាម«ការអញ្ជើញរបស់រដ្ឋមន្រ្តីការពារជាតិរុស្ស៊ី»។ គេមិនបានផ្តល់ព័ត៌មានលម្អិតអំពីរយៈពេលដែលលោក ត្រូវបានគេរំពឹងថា នឹងស្នាក់នៅប្រទេសរុស្ស៊ីដែលជាសម្ព័ន្ធមិត្តនិងជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំដល់យោធាមីយ៉ាន់ម៉ានោះឡើយ។

ស្ថានទូតមីយ៉ាន់ម៉ាប្រចាំនៅប្រទេសរុស្ស៊ី ក្រោយមកបានបញ្ជាក់ពីការមកដល់របស់លោក Min Min Hlaing ទៅកាន់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី​RIA Novosti ។ អ្នកនាំពាក្យស្ថានទូតត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារព័ត៌មានថា« អគ្គមេបញ្ជាការបានទៅដល់ទីក្រុងម៉ូស្គូ»។

ក្រុមឃ្លាំមើលក្នុងតំបន់បាននិយាយថា ការបង្ក្រាបរបស់រដ្ឋាភិបាលយោធាទៅលើក្រុមប្រឆាំងបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៨៧០ នាក់។ នៅក្នុងខែឧសភាប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាមេបញ្ជាការកងទ័ពអាកាសមីយ៉ាន់ម៉ាបានចូលរួមការតាំងពិព័រណ៍ឧទ្ធម្ភាគចក្រយោធានៅទីក្រុងមូស្គូ។

ដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaingធ្វើឡើង បន្ទាប់ពីមហាសន្និបាតអង្គការសហប្រជាជាតិ បានចាត់វិធានការដ៏កម្រមួយកាលពីថ្ងៃសុក្រ ក្នុងការអំពាវនាវដល់រដ្ឋជាសមាជិកឱ្យ«ទប់ស្កាត់លំហូរអាវុធ» ចូលប្រទេសមីយ៉ាន់ម៉ា។ ប្រទេសរុស្ស៊ីបានបដិសេធការបោះឆ្នោត។ ដំណោះស្រាយដែលមិនទាន់ឈានដល់ការអំពាវនាវឱ្យមានការហាមឃាត់អាវុធពិភពលោកក៏ទាមទារឱ្យយោធាបញ្ឈប់« រាល់អំពើហឹង្សាប្រឆាំងនឹងបាតុករដោយសន្តិវិធី»ជាបន្ទាន់។ ដោយត្រូវបានអនុម័តដោយប្រទេសចំនួន​១១៩ ហើយក្នុងនោះមាន ៣៦ ប្រទេសដែលមិនរាប់បញ្ចូលទាំងចិន ដែលជាសម្ព័ន្ធមិត្តសំខាន់របស់មីយ៉ាន់ម៉ា។ មានតែប្រទេសមួយទេគឺបេឡារុស្ស បានបោះឆ្នោតប្រឆាំង​​។

​លោក Min Aung Hlaing បានចូលរួមក្នុងកិច្ចពិភាក្សាវិបត្តិនយោបាយជាមួយមេដឹកនាំនៃបណ្តាប្រទេសអាស៊ានទាំង ១០ ក្នុងទីក្រុងហ្សាការតា កាលពីខែមេសា ដែលជា​ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកឡើងកាន់អំណាច។

កិច្ចប្រជុំនេះបានបង្កើតសេចក្តីថ្លែងការណ៍«ការមូលមតិគ្នា ៥ ចំណុច» ដែលអំពាវនាវឱ្យ«បញ្ឈប់អំពើហឹង្សាភ្លាមៗ» និងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដោយប្រេសិតពិសេសប្រចាំតំបន់។ ប៉ុន្តែឧត្តមសេនីយ៍រូបនេះបាននិយាយនៅក្នុងបទសម្ភាសន៍តាមកញ្ចក់ទូរទស្សន៍ថា ប្រទេសមីយ៉ាន់ម៉ាមិនទាន់ត្រៀមខ្លួនជាស្រេច ដើម្បីអនុម័តផែនការនេះទេ។ ប្រេសិតពិសេសមិនទាន់ត្រូវបានតែងតាំងនៅឡើយទេ ហើយអំពើហឹង្សាបានបន្តកើតមានទូទាំងប្រទេស៕

ប្រភព៖  Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram