អន្តរជាតិ៖ សារព័ត៌មាន Indiatoday បានចេញផ្សាយកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នាពេលថ្មីៗនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌា រកឃើញវត្តមាននៃវីរុសកូវីដ-១៩ នៅក្នុងទឹកទន្លេ បារ៉ាលូ(Bharalu) ដែលហូរឆ្លងកាត់ទីក្រុងហ្គូវ៉ាហាទី(Guwahati)នៃរដ្ឋអាសសាម(Assam)។
សំណាកដែលបានមកពីទន្លេ Sabarmati និងបឹង Chandola និងបឹង Kankria ត្រូវបានប្រមូលដោយអ្នកស្រាវជ្រាវនៃIIT, ហ្គាន់ហ៊ីនហ្គា (Gandhinagar) និងសាលាវិទ្យាសាស្ត្របរិស្ថាន នៃសាកលវិទ្យាល័យ ហ្សាវ៉ាហាឡាល់ នេរូ(Jawaharlal Nehru)។
យោងតាមរបាយការណ៍បានឲ្យដឹងថា នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថានស្រាវជ្រាវលេចធ្លោចំនួន៨នៅក្នុងប្រទេស រួមទាំងវិទ្យាស្ថាន IIT Gandhinagar ផងដែរ បានធ្វើការសិក្សាលើគំរូទឹក ដែលប្រមូលបានពីប្រភពទឹកផ្សេងៗរួមទាំងពីទន្លេ Bharalu ផងដែរ។ ពួកគេបានរកឃើញវត្តមាននៃវីរុសដ៏សាហាវនេះ អំឡុងការធ្វើតេស្តរបស់ពួកគេ។
សាស្រ្តាចារ្យ Manish Kumar នៃនាយកដ្ឋានវិទ្យាសាស្ត្រផែនដីក្នុងវិទ្យាស្ថាន IIT Gandhinagar បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយថា ពួកគេបានប្រមូលនិងធ្វើតេស្តគំរូទឹកពីទន្លេផ្សេងៗ និងប្រភពទឹកធម្មជាតិផ្សេងទៀត។ ពួកគេ បានរកឃើញវីរុសនេះ នៅក្នុងបឹងនិងទន្លេ អាចនាំឱ្យមានស្ថានភាពគ្រោះថ្នាក់។
យោងតាមអ្នកជំនាញបានឲ្យដឹងថា ការពិសោធន៍ស្រដៀងគ្នានេះ គួរតែត្រូវបានអនុវត្តនៅទូទាំងប្រទេស។ ពួកគេបានអះអាងថា វីរុសនេះអាចរស់រានបាននៅក្នុងផ្លូវទឹកធម្មជាតិ ក្នុងរយៈពេលមិនមានកំណត់។
នៅប្រទេសឥណ្ឌា រដ្ឋKarnataka បានក្លាយជារដ្ឋដំបូងគេ ដែលណែនាំឲ្យប្រព័ន្ធឃ្លាំមើលទឹកស្អុយក្នុងទីក្រុង នៅ Bengaluru កាលពីដើមសប្តាហ៍នេះ ដើម្បីកំណត់អត្តសញ្ញាណក្រុម Covid-19 ដែលមានសក្តានុពល។
គួរជម្រាបថា សាកសពរបស់អ្នកជំងឺ Covid-19 ត្រូវបានគេប្រទះឃើញអណ្តែតនៅក្នុងទន្លេ Ganga ក្នុងរដ្ឋ Uttar Pradesh និង Bihar របាយការណ៍ក្នុងតំបន់បានអះអាងថា មានសាកសពជាង ១០០ ត្រូវបានគេបោះចោលចូលក្នុងទឹកទន្លេ៕
ប្រភព៖ Indiatoday ប្រែសម្រួល៖ នង ណារិន