មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា អរគុណដល់ប្រទេសរុស្ស៊ី «កងទ័ពរបស់យើង បានក្លាយជាប្រទេសមួយដែលខ្លាំងជាងគេនៅក្នុងតំបន់»
អន្តរជាតិ
192

ក្រុងម៉ូស្គូ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខយោធាភូមា កាលពីថ្ងៃអង្គារទី ២២មិថុនា បានថ្លែងអំណរគុណដល់ប្រទេសរុស្ស៊ី ដែលជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ដល់ប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍មួយនេះ ដែលបានពង្រឹងកងទ័ពដែលដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារ កាលពីដើមឆ្នាំនេះ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ ចាប់តាំងពីយោធាបានផ្តួលរំលំមេដឹកនាំស៊ីវិល លោកស្រី អ៊ុង សានស៊ូជី និងរដ្ឋាភិបាលសម្ព័ន្ធមិត្តដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី កាលពីខែកុម្ភៈ។ ប្រទេសរុស្ស៊ី បានគាំទ្រសម្ព័ន្ធមិត្តរបស់ខ្លួន និងបានព្រមានលោកខាងលិច ប្រឆាំងនឹងការដាក់ទណ្ឌកម្មរបបយោធា។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានដកស្រង់សំដីរបស់លោក Min Aung Hlaing ដែលបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu ក្នុងកិច្ចប្រជុំមួយនៅទីក្រុងមូស្គូថា« អរគុណដល់ប្រទេសរុស្ស៊ី កងទ័ពរបស់យើង បានក្លាយជាប្រទេសមួយដែលខ្លាំងជាងគេនៅក្នុងតំបន់»។ មេដឹកនាំយោធារូបនេះ បាននិយាយថា មិត្តភាពរវាងរុស្ស៊ីនិងមីយ៉ាន់ម៉ា កាន់តែមានភាពរឹងមាំនិងខ្លាំងក្លា។

លោក Shoigu បានមានប្រសាសន៍ថា«មីយ៉ាន់ម៉ា សម្រាប់យើង គឺជាដៃគូយុទ្ធសាស្ត្រ ដែលបានសាកល្បងពេលវេលា និងជាសម្ព័ន្ធមិត្តដែលអាចជឿទុកចិត្តបាន»។ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី បាននិយាយថា យើងប្តេជ្ញាបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី។

លោក Min Aung Hlaing កំពុងស្ថិតនៅក្នុងទីក្រុងមូស្គូ សម្រាប់សន្និសីទសន្តិសុខអន្តរជាតិ រយៈពេល ៣ ថ្ងៃដែលបានចាប់ផ្តើមនៅថ្ងៃអង្គារសប្តាហ៍នេះនិងប្រមូលផ្តុំមន្ត្រីការពារជាតិមកពីទូទាំងពិភពលោក។

នេះគឺជាដំណើរទស្សនកិច្ចដែលគេស្គាល់ជាលើកទី ២ របស់ប្រមុខយោធា នៅក្រៅប្រទេស ចាប់តាំងពីលោកបានកាន់អំណាច។

កាលពីថ្ងៃច័ន្ទលោកបានជួបជាមួយប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Nikolai Patrushev ដោយលោកទាំង ២ បានព្រមព្រៀងគ្នា ដើម្បីកែលម្អចំណងទាក់ទងរវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យយោធាម្នាក់បាននិយាយថា លោក Min Aung Hlaing បានជួបជាមួយប្រមុខនៃក្រុមហ៊ុននាំអាវុធអាវុធរបស់រដ្ឋ គឺលោក Alexander Mikheyev ដើម្បីពិភាក្សាអំពី« កិច្ចសហប្រតិបត្តិការបច្ចេកទេសផ្នែកយោធា»។

យោងតាមក្រុមឃ្លាំមើលក្នុងតំបន់ បានឱ្យដឹងថា ចាប់តាំងពីខែកុម្ភៈការបង្ក្រាបដ៏ឃោរឃៅរបស់ពួកយោធាទៅលើក្រុមប្រឆាំង បានធ្វើឱ្យជនស៊ីវិលយ៉ាងតិច ៨៧០ នាក់បានស្លាប់។

ទោះបីជាវិមានក្រឹមឡាំង បាននិយាយថា ខ្លួនមានការព្រួយបារម្ភពីការស្លាប់និងរបួសជនស៊ីវិលក៏ដោយ ទីក្រុងម៉ូស្គូបានស្វែងរកការអភិវឌ្ឍទំនាក់ទំនងជាមួយរបបយោធា។

កាលពីខែមីនាអនុរដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៊ីបានចូលរួមក្នុងពិធីព្យុហយាត្រាប្រចាំឆ្នាំដែលបង្ហាញពីសមត្ថភាពយោធារបស់មីយ៉ាន់ម៉ា រួមមានយន្ដហោះ រថក្រោះនិងឧទ្ធម្ភាគចក្រដែលផលិតនៅប្រទេសរុស្ស៊ី៕

ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន

Telegram