អន្តរជាតិ ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អតីតប្រធានាធិបតីហ្វីលីពីន លោកBenigno Aquino III ដែលជាកូនប្រុសរបស់អ្នកតំណាងប្រជាធិបតេយ្យនៅអាស៊ីអាគ្នេយ៍ បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ នេះ(២៤ មិថុនា) បន្ទាប់ពីបានសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងទីក្រុងម៉ានីល។
យ៉ាងណាក៏ដោយ នៅមុនសេចក្តីប្រកាសអំពីការស្លាប់របស់លោក Benigno Aquino III សេចក្តីរាយការណ៍មួយផ្សេងទៀតបានអះអាងថា លោកត្រូវបានជួយសង្គ្រោះ នៅក្នុងមន្ទីរពេទ្យកាពីតូល (Capitol Medical Centre) នៅក្នុងទីក្រុងក្វេហ្សុន (Quezon) នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែព័ត៌មានពាក់ព័ន្ធផ្សេងៗទៀត មិនត្រូវបានទម្លាយឲ្យដឹងនោះឡើយ។
ដោយឡែកប្អូនស្រីរបស់ Benigno Aquino III គឺលោកស្រី គ្រីស អាគីណូ (Kris Aquino) ដែលត្រូវជាតារាសម្តែងល្បីឈ្មោះមួយរូបនៅហ្វីលីពីន ក៏បានបង្ហាញមុននៅមន្ទីរពេទ្យទីក្រុងម៉ានីលផងដែរ ប៉ុន្តែលោកស្រីមិនបានថ្លែងអ្វីនោះឡើយ។
សេចក្តីថ្លែងការណ៍របស់តុលាការកំពូលលោក Marvic Leonen ដែលត្រូវបានតែងតាំងដោយលោក Aquino កាលពីឆ្នាំ ២០១២ បាននិយាយថា«ពិតជាគួរឱ្យសោកស្តាយណាស់ ដែលខ្ញុំបានដឹងនៅព្រឹកនេះ ពីការទទួលមរណភាពរបស់អតីតប្រធានាធិបតី Benigno Aquino»។
សេចក្តីថ្លែងការណ៍បាននិយាយថា «ជាកិត្តិយសណាស់ ដែលបានបម្រើជាមួយគាត់»។
គួរបញ្ជាក់ថា លោក Benigno Aquino III បានកាន់់តំណែងជាប្រធានាធិបតីហ្វីលីពីន ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០១៦ ហើយចំពោះការស្លាប់របស់លោកក្នុងវ័យ ៦១ឆ្នាំនេះ គឺមិនទាន់មានប្រភពណាមួយបញ្ជាក់ថា លោកបានជួបបញ្ហា ឬមានជំងឺអ្វីឲ្យប្រាកដឡើយ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន