អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ថា មេដឹកនាំដែលត្រូវបានបណ្ដេញចេញរបស់មីយ៉ាន់ម៉ា គឺលោកស្រី អ៊ុងសាន ស៊ូជី កំពុងប្រឈមមុខនឹងការចោទប្រកាន់ថ្មីមួយទៀតពីបទពុករលួយពីសំណាក់ឧត្តមសេនីយ៍ដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ខណៈក្រុមបាតុករដែលកំពុងប្រយុទ្ធប្រឆាំងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យប្រឈមមុខនឹងភាពឯកោកើនឡើងនៅពីក្រោយការផ្ដាច់អ៊ីនធឺណិត ។
កន្លងមកជ័យលាភីណូបែលវ័យ ៧៥ ឆ្នាំដែលត្រូវបានគេនាំទៅឃុំឃាំងរួមជាមួយជំនួយការកំពូលៗផ្សេងទៀតនៃគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) នៅពេលដែលយោធាកាន់កាប់ប្រទេសនេះត្រូវបានចោទប្រកាន់ពីបទកាន់កាប់អាយកូមដែលគ្មានការអនុញ្ញាត និងរំលោភលើការរឹតត្បិតជំងឺកូវីដ ១៩ ។
របបយោធាបានចោទប្រកាន់លោកស្រីស៊ូជីពីបទរំលោភលើច្បាប់ប្រឆាំងអំពើពុករលួយ ដែលធ្វើឱ្យលោកស្រីប្រឈមមុខនឹងការជាប់ពន្ធនាគារយ៉ាងតិច ១៥ ឆ្នាំ នេះបើយោងតាមការចាក់ផ្សាយតាមទូរទស្សន៍ MRTV ។ កន្លងមកលោកស្រីត្រូវបានចោទប្រកាន់ពីបទល្មើស ៤ ផ្សេងទៀត។
កាលពីយប់ថ្ងៃពុធទូរទស្សន៍យោធា Myawady បានផ្សាយវីដេអូរបស់អ្នកជំនួញមីយ៉ាន់ម៉ាម្នាក់ដែលសារភាពថាបានផ្តល់ទឹកប្រាក់សរុបចំនួន ៥៥០,០០០ ដុល្លារឲ្យលោកស្រី ស៊ូជី ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។
លោក Maung Weik អ្នកអភិវឌ្ឍន៍អចលនទ្រព្យបាននិយាយថា គាត់បានបរិច្ចាគប្រាក់ដល់ឥស្សរជនជាន់ខ្ពស់របស់រដ្ឋាភិបាលសម្រាប់ដំណើរការល្អនៃអាជីវកម្មរបស់គាត់ ។
ចំណែកផ្សាយព័ត៌មានម្នាក់បាននិយាយអំឡុងពេលចាក់ផ្សាយនោះថា “លោកស្រី អ៊ុងសាន ស៊ូជី បានប្រព្រឹត្តអំពើពុករលួយ ហើយអាជ្ញាធរកំពុងរៀបចំបទចោទប្រកាន់លោកស្រីយោងទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ” ។
នេះមិនមែនជាលើកទី ១ ទេដែលការចោទប្រកាន់ពីអំពើពុករលួយត្រូវបានដាក់លើរូបលោកស្រី ។ កាលពីសប្តាហ៍មុនអ្នកនាំពាក្យយោធាម្នាក់បាននិយាយថា ប្រមុខរដ្ឋាភិបាលដែលត្រូវបានឃុំខ្លួនឥឡូវនេះបានសារភាពថាបានផ្តល់ប្រាក់ចំនួន ៦០ ម៉ឺនដុល្លារដល់លោកស្រី និងមាសជាង ១០ គីឡូក្រាម ។
ទន្ទឹមនោះមេធាវីរបស់លោកស្រីក៏បានច្រានចោលការចោទប្រកាន់នេះផងដែរ ។ មេធាវីរបស់លោកស្រី ស៊ូជី គឺលោក Khin Maung Zaw បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “ការចោទប្រកាន់ទាំងនោះគឺគ្មានមូលដ្ឋាន និងគ្មានហេតុផល” ។
លោកបាននិយាយថា “លោកស្រី អ៊ុងសាន ស៊ូជី អាចមានចន្លោះប្រហោង ឬកំហុងឆ្គង ប៉ុន្តែការទទួលសំណូក និងអំពើពុករលួយមិនមែនជាចរិតរបស់លោកស្រីទេ” ។
ប្រទេសមីយ៉ាន់ម៉ាបានធ្លាក់ចូលក្នុងភាពច្របូកច្របល់ដោយសារចលនារបស់យោធាក្នុងការដណ្តើមអំណាច ខណៈប្រជាជនរាប់សែននាក់បដិសេធមិនធ្វើការ និងអ្នកផ្សេងទៀតធ្វើដំណើរតាមដងផ្លូវក្នុងចលនាមិនគោរពច្បាប់ស៊ីវិលដើម្បីស្តារប្រជាធិបតេយ្យ និងធានានូវការដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំជាប់ឆ្នោតដទៃទៀត ។
ពួកឧត្តមសេនីយ៍បានចាត់ទុកការដណ្តើមអំណាចរបស់ពួកគេថាជាភាពត្រឹមត្រូវដោយចោទប្រកាន់ការលួចបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំមុនដែលត្រូវបានឈ្នះយ៉ាងភ្លូកទឹកភ្លូកដីដោយគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ៕ ប្រភព៖ scmp