អន្តរជាតិ៖ ក្រសួងការពារជាតិឥណ្ឌា បានប្រកាសកាលពីថ្ងៃច័ន្ទនេះថា ប្រទេសឥណ្ឌាកំពុងបញ្ជូនក្រុមនាវាចម្បាំងចំនួន ៤ គ្រឿងចូលទៅក្នុងសមុទ្រចិនខាងត្បូង លើការដាក់ពង្រាយរយៈពេល ២ ខែ ដែលនឹងរួមបញ្ចូលការធ្វើសមយុទ្ធជាមួយ ដៃគូចំនួន ៤ គឺសហរដ្ឋអាមេរិក ជប៉ុន និងអូស្ត្រាលី។
បើតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ថា សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ បាននិយាយថា នាវាចម្បាំងទាំងនោះ នឹងចាកចេញពីឥណ្ឌានៅដើមខែនេះ ដោយមិនប្រាប់ពីកាលបរិច្ឆេទចេញដំណើរជាក់លាក់នោះឡើយ។ ក្រុមការងារដែលរួមមាន នាវាពិឃាតដឹកមីស៊ីលនាំផ្លូវ នាវាចម្បាំងដឹកមីស៊ីល កងនាវាចម្បាំងប្រឆាំងនាវាមុជទឹក និងកងអនុសេនាធំ នឹងចូលរួមក្នុងសមយុទ្ធជាបន្តបន្ទាប់ ក្នុងអំឡុងពេលដាក់ពង្រាយរយៈពេលពីរខែ រួមទាំងសមយុទ្ធកងទ័ពជើងទឹក ម៉ាឡាបា ២០២១ ជាមួយអាមេរិក ជប៉ុន និងកងកម្លាំងអូស្ត្រាលី។
ក្រសួងការពារជាតិបាននិយាយថា នៅក្នុងសមយុទ្ធទ្វេភាគីផ្សេងទៀត ក្នុងកំឡុងពេលដាក់ពង្រាយនាវាចម្បាំងឥណ្ឌា នឹងធ្វើការជាមួយអង្គភាពកងទ័ពជើងទឹកមកពីបណ្តាប្រទេសនៅសមុទ្រចិនខាងត្បូង រួមមាន សិង្ហបុរី វៀតណាម ឥណ្ឌូនេស៊ី និងហ្វីលីពីន។
សេចក្តីថ្លែងការណ៍របស់ឥណ្ឌា បាននិយាយថា«គំនិតផ្តួចផ្តើមដែនសមុទ្រទាំងនេះ បង្កើនការរួបរួមគ្នា និងការសម្របសម្រួលរវាងកងទ័ពជើងទឹកឥណ្ឌា និងប្រទេសជាមិត្ត ដោយផ្អែកលើផលប្រយោជន៍សមុទ្ររួមគ្នា និងការប្តេជ្ញាចិត្តឆ្ពោះទៅរកសេរីភាពនាវាចរណ៍នៅសមុទ្រ»។
សមុទ្រចិនខាងត្បូង បានក្លាយជាចំណុចក្តៅនៃសកម្មភាពកងទ័ពជើងទឹក ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ កាលពីសប្តាហ៍មុន ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអង់គ្លេស បានឆ្លងកាត់ផ្លូវទឹកនេះ ខណៈដែលក្រុមសកម្មភាពលើទឹករបស់អាមេរិក និងកងកម្លាំងមកពីកងទ័ពរំដោះប្រជាជនចិនបានធ្វើសមយុទ្ធនៅទីនោះផងដែរ។
ទីក្រុងប៉េកាំង បានទាមទារស្ទើរតែទាំងអស់ នៃសមុទ្រចិនខាងត្បូង ថា ជាដែនអធិបតេយ្យរបស់ខ្លួន និងការបង្កើតកោះសិប្បនិម្មិត ដែលមានប្រព័ន្ធការពារមីស៊ីល និងអាវុធ។
គួររម្លឹកថា ទំនាក់ទំនងឥណ្ឌាជាមួយចិន បានកើនឡើងកាលពីឆ្នាំមុន បន្ទាប់ពីការប៉ះទង្គិចគ្នា រវាងកងទ័ពជើងគោកមកពីប្រទេស ទាំងពីរ លើទឹកដីមានជម្លោះនៅតំបន់ហិម៉ាឡៃ ។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់និងកងទ័ពចិន ៤ នាក់ត្រូវបាន សម្លាប់នៅក្នុងការប្រយុទ្ធគ្នា ។
ចាប់តាំងពីឧបទ្ទវហេតុនេះ ឥណ្ឌាបានសម្លឹងមើលឡើងវិញ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយ ត្រីភាគី ដែលជាទំនាក់ទំនងសន្តិសុខក្រៅផ្លូវការ រវាងអាមេរិក ជប៉ុន និងអូស្ត្រាលី។ បន្ទាប់ពីកិច្ចប្រជុំកំពូល នៃមេដឹកនាំនៃប្រទេសទាំងនោះនៅក្នុងខែមីនា សម្ព័ន្ធភាពនេះបាននិយាយថា ខ្លួនកំពុងព្យាយាម «ធានាថា ឥណ្ឌូ-ប៉ាស៊ីហ្វិក អាចចូលដំណើរការបាន និងមានភាពស្វាហាប់គ្រប់គ្រងដោយច្បាប់អន្តរជាតិ និងគោលការណ៍គ្រឹះដូចជាសេរីភាពនាវាចរណ៍ និងការដោះស្រាយជម្លោះដោយសន្តិវិធី ហើយប្រទេសទាំងអស់ អាចធ្វើការជ្រើសរើសនយោបាយផ្ទាល់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ»។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា« ការដាក់ពង្រាយនាវាកងទ័ពជើងទឹក ឥណ្ឌាស្វែងរកការគូសបញ្ជាក់ពីការឈានដល់ប្រតិបត្តិការវត្តមានដោយសន្តិវិធី និងសាមគ្គីភាពជាមួយប្រទេសជាមិត្ត ឆ្ពោះទៅរកការធានាបាននូវសណ្តាប់ធ្នាប់ល្អក្នុងដែនសមុទ្រ និងដើម្បីពង្រឹងចំណងដែលមានស្រាប់ រវាងឥណ្ឌានិងបណ្តាប្រទេសនៅឥណ្ឌូប៉ាស៊ីហ្វិក»៕
ប្រភព៖ CNN ប្រែសម្រួល៖ នង ណារិន