អន្តរជាតិ៖ ចក្រភពអង់គ្លេស បានព្រមានជនជាតិអង់គ្លេសទាំងអស់នៅអាហ្វហ្គានីស្ថាន ឱ្យចាកចេញពីប្រទេសនេះភ្លាមៗ ដោយសារតែ« ស្ថានការណ៍សន្តិសុខកាន់តែអាក្រក់ទៅ ៗ»ខណៈការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើង។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការិយាល័យការបរទេស Commonwealth និងការអភិវឌ្ឍ នៅថ្ងៃសុក្រទី៦ខែសីហា បានធ្វើបច្ចុប្បន្នភាពគេហទំព័ររបស់ខ្លួន ដើម្បីផ្តល់ដំបូន្មានប្រឆាំងនឹងការធ្វើដំណើរទាំងអស់ទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន។ ខណៈដែល ជនជាតិអង់គ្លេសទាំងអស់នៅអាហ្វហ្គានីស្ថាន ត្រូវបានណែនាំឱ្យចាកចេញជាបន្ទាន់ ដោយមធ្យោបាយពាណិជ្ជកម្ម។

ការិយាល័យការបរទេសបានព្រមានជនជាតិអង់គ្លេសថា កុំពឹងផ្អែកលើវាសម្រាប់ការជម្លៀសចេញជាបន្ទាន់ ដោយនិយាយថា ជំនួយដែលខ្លួនអាចផ្តល់បានគឺមានកំណត់បំផុត។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីក្រុមតាលីបង់បានបើកការវាយលុកដ៏ធំមួយ ស្របពេលជាមួយនឹងការដកកងកម្លាំងបរទេសដឹកនាំដោយអាមេរិក បន្ទាប់ពីជម្លោះជិតពីរទសវត្សរ៍។
ការិយាល័យបរទេសបាននិយាយថា ភេរវករទំនងជាព្យាយាមធ្វើសកម្មភាពវាយប្រហារនៅអាហ្វហ្គានីស្ថាន។
បច្ចុប្បន្នក្រុមតាលីបង់បានគ្រប់គ្រងតំបន់ដ៏ធំល្វឹងល្វើយនៅតំបន់ជនបទអាហ្វហ្គានីស្ថាន ហើយកំពុងប្រឈមមុខនឹងកងកម្លាំងរដ្ឋាភិបាលនៅក្នុងទីក្រុងមួយចំនួន រួមទាំងហេរ៉ាតនៅជិតព្រំដែនខាងលិចជាមួយអ៊ីរ៉ង់ និងឡាសកាហ្គានិងកាន់ដាហា នៅភាគខាងត្បូង៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន
