អន្តរជាតិ៖ ប៉ូលីសថៃ បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនិងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងមនុស្សកាលពីថ្ងៃសៅរ៍ អំឡុងការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ដែលគាំទ្រដោយយោធា។
សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រជាជនបានប្រមូលផ្តុំគ្នានៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដើម្បីតវ៉ាចំពោះការដោះស្រាយនូវការរីករាលដាលនៃជំងឺកូវីដ១៩ ដោយរដ្ឋាភិបាល។ ក្រុមបាតុករទាមទារឱ្យរដ្ឋាភិបាលលោកប្រាយុទ្ធលាលែងពីតំណែង ព្រមទាំងអនុម័តរដ្ឋធម្មនុញ្ញថ្មី និងរៀបចំការបោះឆ្នោត។
បន្ថែមពីលើការទាមទារនេះ ក្រុមបាតុករក៏បានអំពាវនាវឱ្យមានការផ្លាស់ប្តូរថវិកាពីការទិញអាវុធរបស់កងទ័ព ដើម្បី ទិញវ៉ាក់សាំងការពារកូវីដ១៩(mRNA,Pfizer,Moderna) ខណៈករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នៅប្រទេសថៃ បានកើនឡើងដល់ ២១.៨៣៨នាក់ក្នុងមួយថ្ងៃ។ វ៉ាក់សាំងតែមួយគត់ដែលកំពុងប្រើ គឺ AstraZeneca ដែលត្រូវបានផលិតនៅក្នុងស្រុក ប៉ុន្តែក្នុងបរិមាណមិនគ្រប់គ្រាន់ និងស៊ីណូវ៉ាក ដែលមិនមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មី ប្រភេទដែលតា។
កងកម្លាំងប៉ូលីស បានដាក់ពង្រាយកាណុងបាញ់ទឹក និងគ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែក នៅពេលដែលក្រុមអ្នកតវ៉ាជួរមុខ បានប៉ះទង្គិចជាមួយអង្គភាពកងកម្លាំងពិសេសរបស់ប៉ូលីស។ ដោយប៉ូលីសបានបើកការបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ា ដោយគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីបំបែកហ្វូងក្រុមបាតុករ។
ក្នុងចំណោមមនុស្ស ជាង១.០០០នាក់នៅក្នុងការដើរក្បួន ដោយមនុស្សជាង១០០ នាក់ត្រូវបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក។ ទោះយ៉ាងណា គ្រាប់កាំភ្លើងកៅស៊ូ បានធ្វើឱ្យក្រុមអ្នកតវ៉ាជាច្រើនបង្ខំចិត្តភៀសខ្លួនចេញពីកន្លែងកើតហេតុតែម្តង។ ខណៈដែលប៉ូលីសបានបន្តបាញ់គ្រាប់បែកឧស្ម័នបង្ហូរទឹកភ្នែកទៅលើហ្វូងមនុស្សដែលកំពុងបន្តបាតុកម្ម។
ការតវ៉ាប្រឆាំងរដ្ឋាភិបាល ត្រូវបានរៀបចំឡើងនៅតាមទីតាំងជាច្រើន ក្នុងនោះមានពីរកន្លែងនៅកណ្តាលទីក្រុងបាងកក។
គួរបញ្ជាក់ថា ប៉ូលីសទីក្រុងបាងកក មិនអនុញ្ញាតឲ្យមានសកម្មភាពបែបនេះកើតឡើងនោះទេ ដោយសារតែស្ថានភាពគ្រាអាសន្ននៅក្នុងទីក្រុងជុំវិញការរីករាលដាលនៃជំងឺកូវីដ -១៩ និងការបិទទ្វារហាមឃាត់ការជួបជុំមនុស្សលើសពី៥នាក់។ ក្នុងនោះដែរ មន្រ្តីប៉ូលីសជាង៥.៧០០នាក់ ត្រូវបានដាក់ពង្រាយ និងប៉ុស្តិ៍ត្រួតពិនិត្យចំនួន១៤ត្រូវបានបង្កើតឡើងនៅតាមដងផ្លូវ ដើម្បីរារាំងនឹងការតវ៉ានេះ។
មិនតែប៉ុណ្ណោះ ប្រទេសនេះ ត្រូវបានគ្របដណ្តប់ដោយការតវ៉ាប្រឆាំងរដ្ឋាភិបាលចាប់តាំងពីខែធ្នូឆ្នាំ២០១៩។ ក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យទាមទារឱ្យគណៈរដ្ឋមន្រ្តីលាលែងពីតំណែង ក៏ដូចជារដ្ឋធម្មនុញ្ញនិងកំណែទម្រង់របបរាជានិយម៕
ប្រភព៖ Sputnik ប្រែសម្រួល៖ នង ណារិន