បាងកក៖ ប៉ូលីសបានបាញ់កាំភ្លើង គ្រាប់ កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករនៅទីក្រុងបាងកក កាលពីថ្ងៃអង្គារ (១០ សីហា)ខណៈដែលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ា ដើម្បីធ្វើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹងការគ្រប់គ្រងរបស់រដ្ឋាភិបាល ចំពោះការរីករាលដាលនៃជំងឺកូវីដ ១៩ ។
បើតាមសារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ ក្រុមបាតុករបានប្រឆាំងនឹងការហាមឃាត់ការជួបជុំជាសាធារណៈ ខណៈដែលប្រទេសថៃ ព្យាយាមទប់ស្កាត់នូវការផ្ទុះឡើងវីរុសកូវីដដ៏អាក្រក់បំផុតរបស់ខ្លួន រហូតមកដល់ពេលនេះដោយមានករណីថ្មីកើតឡើងជុំវិញ ២០.០០០ ករណីជា ប្រចាំថ្ងៃ។
ការចាប់ផ្តើមយឺតយ៉ាវចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ -១៩ នៅប្រទេសថៃ និងការធ្លាក់ចុះផ្នែកសេដ្ឋកិច្ច ពីការរឹតត្បិតនិងការបិទអាជីវកម្មបានដាក់សម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា។
ក្រុមអ្នកតវ៉ារាប់រយនាក់បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងបាងកកទាំងម៉ូតូនិងរថយន្ត ដោយមានការប៉ះទង្គិចគ្នាជាមួយប៉ូលិសផងដែរ។ ស្តង់ប៉ូលីសចំនួនពីរត្រូវបានដុតបំផ្លាញ ដោយក្រុមបាតុករខ្លះបានគប់កាំភ្លើងទៅលើមន្រ្តី ដែលមុនពេលប៉ូលិសបានបាញ់កាំភ្លើង គ្រាប់ កៅស៊ូនិងឧស្ម័នបង្ហូរទឹកភ្នែកទៅលើមកលើហ្វូងបាតុករ ។
សកម្មជននិស្សិត បានប្រាប់ការប្រមូលផ្តុំនេះថា« រដ្ឋាភិបាលលោកប្រាយុទ្ធចាន់អូចា ដែលមានអំណាចផ្តាច់ការនៅតែបន្តស្វែងរកបែងចែកនិងចែកចាយផលប្រយោជន៍សម្រាប់វណ្ណៈអភិជន ដោយអនុញ្ញាតឱ្យមនុស្សឈឺនិងស្លាប់ដោយជោគវាសនារបស់ពួកគេ»។

នៅចំពោះមុខការតវ៉ា ប៉ូលីសបានព្រមានក្រុមបាតុករកុំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ដោយបំពានច្បាប់ការរឹតត្បិត កូវីដ ១៩ ។ នៅក្នុងប៉ះទង្គិចគ្នា បណ្តាលឲ្យប៉ូលិស៦នាក់រងរបួស និងឃាត់អ្នកតវ៉ា ៦ នាក់ ព្រមទាំង រឹបអូសម៉ូតូជិត ១០០ គ្រឿង។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រគ្រាអាសន្ន បាននិយាយថា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍ថាមានអ្នកតវ៉ារងរបួសនោះទេ។
ចលនាប្រជាធិបតេយ្យដឹកនាំដោយយុវជន ដែលបានចាប់ផ្តើមនៅប្រទេសថៃកាលពីឆ្នាំមុន បានទាក់ទាញមនុស្សរាប់ពាន់នាក់ឱ្យប្រមូលផ្តុំគ្នា ទាមទារឱ្យមានការលាលែងពីតំណែងរបស់លោកប្រាយុទ្ធ អតីតមេបញ្ជាការកងទ័ព ដែលបានឡើងកាន់អំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ ២០១៤ ។
ចលនានេះបានទាមទារឱ្យមានការកែទម្រង់របបរាជានិយមរបស់ប្រទេសថៃ ហើយក្រុមអ្នកតវ៉ាជាច្រើនបានរងនូវការចោទប្រកាន់ប្រមាថ ព្រះមហាក្សត្រ ដែលត្រូវជាប់ពន្ធនាគារ ១៥ ឆ្នាំ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន
