ប៉េកាំង៖ អាជ្ញាធរបាននិយាយនៅថ្ងៃសុក្រទី ១៣ ខែសីហានេះថា មនុស្សយ៉ាងតិច ២១ នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិនប៉ុន្មានសប្តាហ៍ បន្ទាប់ពីទឹកជំនន់ជាកំណត់ត្រាបានបំផ្លិចបំផ្លាញនិងសម្លាប់មនុស្សរាប់រយនាក់នៅក្នុងខេត្តជិតខាងមួយនេះ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសចិនត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ដែលមិនធ្លាប់មានពីមុនមកក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អាកាសធាតុធ្ងន់ធ្ងរដែលអ្នកជំនាញនិយាយថាជារឿងធម្មតាទៅហើយដោយសារតែការឡើងកំដៅផែនដី។
ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តបាននិយាយថានៅខេត្តហ៊ូប៉ី ភ្លៀងធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីនិងការរអិលបាក់ដីបំផ្លាញផ្ទះរាប់រយខ្នង និងបង្ខំឱ្យមានការជម្លៀសមនុស្សជិត៦.០០០នាក់។
ទូរទស្សន៍ស៊ីនហួបានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្ស ២១ នាក់បានស្លាប់និង ៤ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ខណៈភ្លៀងធ្លាក់ខ្លាំងបានបក់បោកក្រុងនានាកាលពីថ្ងៃពុធ។
ក្រសួងគ្រប់គ្រងគ្រាអាសន្នចិន បាននិយាយថា អ្នកពន្លត់អគ្គីភ័យរាប់រយនាក់និងប៉ូលីសនិងយោធារាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។
មនុស្សប្រមាណ ១០ម៉ឺននាក់ត្រូវបានជម្លៀសចេញ នៅខេត្តស៊ីឈួនភាគនិរតីកាលពីចុងសប្តាហ៍មុន ដោយសារភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានការបាក់ដីជាច្រើន។
មនុស្សជាង ៣០០នាក់បានស្លាប់នៅខេត្តហឺណាន ភាគកណ្តាលប្រទេសចិនកាលពីខែមុន បន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។
រដ្ឋបាលឧតុនិយមរបស់ចិនបានព្រមានថាភ្លៀងធ្លាក់ខ្លាំងទំនងជាបន្តរហូតដល់សប្តាហ៍ក្រោយ ដោយតំបន់នៅតាមដងទន្លេយ៉ាងសេ រួមទាំងទីក្រុងសៀងហៃ ងាយរងគ្រោះដោយសារទឹកជំនន់៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន