ទីបំផុត លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី Muhyiddin Yassin សុខចិត្តចុះ​ចេញពី​តំណែង​ ក្រោយចូលកាន់តំណែងបានត្រឹម១៧ខែ
អន្តរជាតិ
138

អន្តរជាតិ៖ ​នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាសស៊ីន (Muhyiddin Yassin) បានដាក់ពាក្យសុំលាលែងពីមុខតំណែង ទៅកាន់ព្រះមហាក្សត្រហើយ ក្រោយទទួលស្គាល់ថា លោកបានបាត់បង់សំឡេងគាំទ្រភាគច្រើន នៅក្នុងសភា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន ​Channel News Asia នៅថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

រដ្ឋមន្រ្តីវិទ្យាសាស្រ្តម៉ាឡេស៊ី លោក ខរី ចាម៉ាលុដឌីន (Khairy Jamaluddin) បានប្រកាសលើបណ្តាញសង្គមថា គណៈរដ្ឋមន្រ្តីទាំងមូល ក៏បានដាក់ពាក្យលាលែងរួចហើយដែរ ទៅកាន់ព្រះមហាក្សត្រ ក្រោយលោក Muhyiddin បានចាកចេញពីរាជវាំង ក្រោយចូលគាល់ទ្រង់។

រដ្ឋាភិបាលរបស់លោក Muhyiddin ដែលឡើងកាន់អំណាចកាលពីខែមីនា ឆ្នាំ២០២០ បានប្រឈមមុខនឹងសម្ពាធពីសំណាក់ក្រុមប្រឆាំង រួមទាំងសាធារណជន ដែលមានការខឹងសម្បារ ដោយសារតែការគ្រប់គ្រងវិបត្តិជំងឺ COVID-19 មិនបានល្អ។ ការលាលែងពីតំណែងនេះ ធ្វើឲ្យលោក Muhyiddin ក្លាយជាមេដឹកនាំម៉ាឡេស៉ី ដែលកាន់អំណាចបានខ្លីជាងគេបំផុត ក្នុងប្រវត្តិសាស្រ្ត។

គួរបញ្ជាក់ថា ភ្លាមៗនេះ មិនទាន់ច្បាស់នោះទេថា នរណានឹងអាចបង្កើតរដ្ឋាភិបាលថ្មី ដ្បិតពុំមាននរណាម្នាក់ មានសំឡេងគាំទ្រភាគច្រើន ច្បាស់លាស់នោះឡើយ នៅក្នុងសភា ឬក៏ថាតើការបោះឆ្នោតសកល អាចនឹងធ្វើឡើងបានដែរឬអត់ កំឡុងការរាតត្បាតនៃ COVID-19 បែបនេះ។

ទោះយ៉ាងណាក្តី ការសម្រេចចិត្តប្រហែលជាត្រូវធ្លាក់ទៅ ក្នុងព្រះហស្ថរបស់ព្រះមហាក្សត្រម៉ាឡេស៉ី ព្រះចៅ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah) ព្រោះទ្រង់មានអំណាចអាចតែងតាំងនាយករដ្ឋមន្រ្តី ពីក្នុងចំណោមសមាជិកសភាបាន ដោយផ្អែកទៅលើអ្នកដែលទ្រង់យល់ថា ទំនងជាមានសំឡេងគាំទ្រភាគច្រើន៕

ប្រភព៖ ​Channel News Asia ប្រែសម្រួល៖ នង ណារិ​ន

Telegram