អន្តរជាតិ៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះ រញ្ជួយដីដ៏ខ្លាំងនៅក្នុង ប្រទេសហៃទី បានកើនឡើងដល់ជាង១.២៩៧នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមជួយសង្រ្គោះបានបន្តប្រតិបត្តិការជីកកកាយតាមអាគារដែលដួលរលំ ដើម្បីរក អ្នកនៅរស់រានមានជីវិត ។
សារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.២ រ៉ិចទ័រដ៏ខ្លាំងក្លាមួយបានវាយប្រហារ នៅប្រទេសហៃទីកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមានអ្នកស្លាប់និងរបួសជាច្រើននាក់ ខណៈប្រទេសនេះមិនទាន់បានងើបឡើង ពេញលេញវិញពីគ្រោះរញ្ជួយដីកាលពីឆ្នាំ ២០១០ ដែលបានសម្លាប់មនុស្សយ៉ាងតិច ២០០.០០០ នាក់។
យោងតាមទីភ្នាក់ងារការពារស៊ីវិលរបស់ហៃទី បាន ឲ្យដឹង ថា ចំនួនជនរងគ្រោះបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងនៅប្រទេសហៃទីកាលពីថ្ងៃសៅរ៍បានកើនឡើងដល់ ១.២៩៧ នាក់។ ខណៈមនុស្សយ៉ាងតិច ៥.៧០០ នាក់ ត្រូវបានគេរាយការណ៍ថាបានរងរបួស ។
នាយករដ្ឋមន្រ្តីហៃទី លោក Ariel Henry បាននិយាយថា គ្រោះធម្មជាតិ នេះបានបង្កឱ្យមានការខូចខាតយ៉ាងច្រើននិងបានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយខែ។ ប្រទេសជាច្រើនរួមទាំង សហរដ្ឋអាមេរិកផងដែរ បានសម្តែងនូវការកាន់ទុក្ខ និង ក្នុងការបញ្ជូនជំនួយមនុស្សធម៌ទៅកាន់ប្រទេសកោះដែលជាប្រទេសក្រីក្របំផុតនៅការីប៊ីន ដែលនៅតែប្រឈមមុខនឹងផលវិបាកនៃការរញ្ជួយដីឆ្នាំ ២០១០ ដ៏ធ្ងន់ធ្ងរនេះ។
យោងតាមសេវាកម្មអាកាសធាតុជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ អាចត្រូវបានរារាំងដោយព្យុះត្រូពិក ដែលត្រូវបានគេរំពឹងថា នឹងនាំមកនូវទឹកភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ដែលអាចកើតមានឡើងដល់ប្រទេសហៃទីចាប់ពីល្ងាចថ្ងៃច័ន្ទនេះ។
គួរបញ្ជាក់ថា ការរញ្ជួយដីចុងក្រោយនេះកើតឡើងតែជាងមួយខែប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតី ចូវ៉ែនែល ម៉ូអ៊ីស(Jovenel Moise)ត្រូវបានក្រុមខ្មាន់កាំភ្លើងធ្វើឃាតនៅក្នុងផ្ទះរបស់លោក ដែលធ្វើឱ្យប្រទេសមួយដែលកំពុងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ រីករាលដាលអំពើហឹង្សា និង ជំងឺCovid-19 ។
ដោយ ប៉ូលិសនិយាយថា ពួកគេបានចាប់ខ្លួនមនុស្ស ៤៤ នាក់ ពាក់ព័ន្ធនឹងការធ្វើឃាតនេះ ក្នុងនោះមានមន្រ្តីប៉ូលីសហៃទី ចំនួន១២ នាក់ ជនជាតិកូឡុំប៊ី ១៨ នាក់ ដែលត្រូវបានគេចោទថាជាផ្នែកមួយនៃក្រុមកុម្ម៉ង់ដូ និងជនជាតិអាមេរិកដើមកំណើតហៃទី ២ នាក់៕
ប្រភព៖ Sputnik ប្រែសម្រួល៖ នង ណារិន