វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានការពារការដកទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានកាលពីថ្ងៃច័ន្ទ ដោយនិយាយថា លោកបានឈរលើគោលការណ៍នេះ ហើយថាដល់ពេលត្រូវចាកចេញហើយ បន្ទាប់ពីជម្លោះអស់រយៈពេល ២០ ឆ្នាំ។
សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះថា លោក បៃដិន បាននិយាយនៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ថា«ខ្ញុំជាប្រធានាធិបតីសហរដ្ឋអាមេរិក ហើយការបញ្ចប់ ជាមួយខ្ញុំ»។
នៅពេលដែលឈុតឆាកនៃអំពើហឹង្សាត្រូវបានលាតត្រដាងនៅរដ្ឋធានីអាហ្វហ្គានីស្ថាន លោក បៃដិន បាននិយាយថា លោកមានការសោកស្តាយយ៉ាងខ្លាំងចំពោះ ព្រឹត្តិការណ៍ដែលបានកើតឡើង ហើយបានសន្យាថានឹង«និយាយ» អំពីសិទ្ធិរបស់ស្ត្រី ដែលកំពុងប្រឈមនឹងការវិលត្រឡប់ទៅរកការគ្រប់គ្រងរបស់តាលីបង់។ ប៉ុន្តែលោកបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ថា លោកមិនសោកស្តាយក្នុងការដកកងទ័ពអាមេរិកចេញនោះទេ ទោះបីមានការរិះគន់យ៉ាងខ្លាំងអំពីការបញ្ចប់ភាពវឹកវររហូតដល់ការអន្តរាគមន៍យោធាដឹកនាំដោយអាមេរិកអស់ពីរទសវត្សរ៍ក៏ដោយ។
លោកបៃដិនបាននិយាយថា«ខ្ញុំឈរនៅពីក្រោយការសំរេចចិត្តរបស់ខ្ញុំ។ បន្ទាប់ពី ២០ ឆ្នាំ ខ្ញុំបានរៀនពីវិធីពិបាកដែលមិនដែលមានពេលល្អ ដើម្បីដកទ័ពអាមេរិកចេញ»។ មេដឹកនាំអាមេរិករូបនេះបានទទួលស្គាល់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានដួលរលំលឿនជាងអ្វីដែលលោកបានរំពឹងទុក ហើយបានលើកឡើងថា ពួកគេមិនមានឆន្ទៈក្នុងការក្រោកឈរប្រឆាំងពួកតាលីបង់នោះឡើយ។
ទោះយ៉ាងណាលោកបៃដិន បានបញ្ជាក់ជាថ្មីថា ផលប្រយោជន៍ជាតិអាមេរិកនៅអាហ្វហ្កានីស្ថាន តែងតែមានគោលការណ៍ជាចម្បងអំពីការការពារការវាយប្រហារភេរវកម្មមកលើទឹកដីកំណើតអាមេរិក ហើយថាអាមេរិកនឹងបន្ត« ធ្វើសកម្មភាពយ៉ាងឆាប់រហ័សនិងដាច់ខាត»ប្រឆាំងនឹងការគំរាមកំហែងភេរវកម្មណាមួយដែលចេញពីប្រទេសនេះ។
លោកបានមានប្រសាសន៍ថា«បេសកកម្មនៅអាហ្វហ្គានីស្ថាន មិនដែលត្រូវបានគេសន្មត់ថា ជាការកសាងប្រទេសនោះទេ»។ហើយប្រធានាធិបតីអាមេរិកបានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមតាលីបង់កុំឱ្យរំខានឬគំរាមកំហែងដល់ការជម្លៀសអ្នកការទូតអាមេរិកនិងអ្នកបកប្រែអាហ្វហ្គានីស្ថានរាប់ពាន់នាក់នៅអាកាសយានដ្ឋានកាប៊ុល។ លោកបានមានប្រសាសន៍ថា«យើងនឹងការពារប្រជាជនរបស់យើងដោយកម្លាំង បើចាំបាច់»៕
ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន