ចិន​ បញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំង ធ្វើសមយុទ្ធវាយប្រហារទ្រង់ទ្រាយធំនៅក្បែរកោះតៃវ៉ាន់ ស្របពេលពិភពលោកកំពុងផ្តោតអារម្មណ៍ទៅអាហ្វហ្គានីស្ថាន
អន្តរជាតិ
597

អន្តរជាតិ៖ ប្រទេសចិន បានទាញយកផលប្រយោជន៍ពីការផ្តោតអារម្មណ៍បច្ចុប្បន្នរបស់ពិភពលោកលើអាហ្វហ្គានីស្ថាន ដើម្បីចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំជិតកោះតៃវ៉ាន់ ដោយបានបញ្ជូននាវាចម្បាំងនិងយន្តហោះចម្បាំង ធ្វើសមយុទ្ធនៅភាគនិរតីនិងអាគ្នេយ៍នៃកោះនេះ ក្នុងសកម្មភាពមួយដែលទីក្រុងប៉េកាំង បានអះអាងថា ជាការឆ្លើយតបទៅនឹងការជ្រៀតជ្រែកពីខាងក្រៅ និងការបង្កហេតុ។

សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ការបញ្ជាក់នេះបានកើតឡើងប៉ុន្មានម៉ោង បន្ទាប់ពី ប្រទេសចិន នឹងចាប់ផ្តើមសង្រ្គាមជាមួយសហរដ្ឋអាមេរិកភ្លាមៗ ប្រសិនបើការអះអាងរបស់សមាជិកព្រឹទ្ធសភាអាមេរិក អំពីចំនួនកងទ័ពអាមេរិក នៅ កោះតៃវ៉ាន់ ។ ភាពតានតឹង នៅកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង អះអាងថាជាទឹកដីរបស់ចិន ស្របតាមគោលនយោបាយចិនតែមួយរបស់ខ្លួន បានត្អូញត្អែរពីការធ្វើសមយុទ្ធកងទ័ពរំដោះប្រជាជនប្រជាជនចិន (PLA) ម្តងហើយម្តងទៀត ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ដែលជាផ្នែកមួយនៃយុទ្ធនាការដាក់សម្ពាធដើម្បី បង្ខំឲ្យ កោះនេះទទួលយក អធិបតេយ្យភាពរបស់ចិន។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ បញ្ជាការ ភាគខាងកើតរបស់ PLA បាននិយាយថា នាវាចម្បាំង យន្តហោះប្រឆាំងនាវាមុជទឹក និងយន្តហោះចម្បាំង ត្រូវបានបញ្ជូនទៅជិតកោះតៃវ៉ាន់ ដើម្បីអនុវត្ត« ការវាយឆ្មក់រួមគ្នានិងសមយុទ្ធផ្សេងទៀត »។

ក្រសួងការពារជាតិតៃវ៉ាន់ បាន ឆ្លើយតបដោយ និយាយថា« យោធារបស់ប្រទេសមានការយល់ដឹងយ៉ាងពេញលេញ ហើយបានធ្វើការវាយតម្លៃអំពីស្ថានភាពនៅក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជាការអភិវឌ្ឍពាក់ព័ន្ធនៅសមុទ្រ និងលើអាកាស ហើយត្រូវបានរៀបចំសម្រាប់ ការឆ្លើយតប»។

មន្ត្រីជាន់ខ្ពស់ដែលស្គាល់ច្បាស់អំពីផែនការសន្តិសុខរបស់តៃវ៉ាន់បាននិយាយថា កងទ័ពអាកាសចិនបានធ្វើសមយុទ្ធ ដោយប្រើយន្តហោះចម្បាំង J-16 ទំនើបរបស់ពួកគេ។

សេចក្តីថ្លែងការណ៍របស់ PLA បានកត់សម្គាល់ថា ថ្មីៗនេះ សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ បានឃុបឃិតគ្នាម្ដងហើយម្ដងទៀត ក្នុងការបង្កហេតុ និងបានបញ្ជូនសញ្ញាខុសយ៉ាងធ្ងន់ធ្ងរ ហើយរំលោភលើអធិបតេយ្យភាពរបស់ចិន ក៏ដូចជាការបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាព និងស្ថិរភាពនៅក្នុងច្រកសមុទ្រតៃវ៉ាន់។

យោធាចិនអះអាងទៀតថា សមយុទ្ធនេះគឺជាសកម្មភាពចាំបាច់ដោយផ្អែកលើស្ថានភាពសន្តិសុខបច្ចុប្បន្ននៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងតម្រូវការដើម្បីការពារអធិបតេយ្យភាពជាតិ ហើយនេះគឺជាការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការជ្រៀតជ្រែក និងការញុះញង់ពីខាងក្រៅរបស់កងកម្លាំងឯករាជ្យតៃវ៉ាន់។

តែទោះជាយ៉ាងណា វាមិនច្បាស់ភ្លាមៗទេថា អ្វីដែលបណ្តាលឱ្យសកម្មភាពយោធារបស់ចិនផ្ទុះឡើង។ ប៉ុន្តែកាលពីដើមខែនេះ សហរដ្ឋអាមេរិក បានអនុម័តកញ្ចប់លក់អាវុធថ្មីដល់កោះតៃវ៉ាន់ ដូចជាប្រព័ន្ធកាំភ្លើងធំ ដែលមានតម្លៃរហូតដល់ ៧៥០ លានដុល្លារអាមេរិកក៏ដោយ។

ប្រទេសចិន ជឿជាក់ថា ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen គឺជាអ្នកផ្តាច់ខ្លួនដែលប្រកាន់ខ្ជាប់នូវការប្រកាសឯករាជ្យជាផ្លូវការ ដែលជាខ្សែក្រហម សម្រាប់ទីក្រុងប៉េកាំង។ លោកស្រី Tsai Ing-wen បានអះអាងថា តៃវ៉ាន់គឺជាប្រទេសឯករាជ្យរួចទៅហើយ ដែលហៅថាសាធារណរដ្ឋចិន ដែលជាឈ្មោះផ្លូវការរបស់ខ្លួន៕

ប្រភព៖ Express ប្រែសម្រួល៖ នង ណារិន

Telegram