កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានសម្លាប់មនុស្សជាង​១.០០០​នាក់ ចាប់តាំងពីយោធាបានទម្លាក់លោកស្រី អ៊ុង សានស៊ូជី ពីអំណាចកាលពី​៦​ខែមុន
អន្តរជាតិ
192

អន្តរជាតិ៖​ ក្រុមតស៊ូមតិបាននិយាយនៅថ្ងៃពុធនេះថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលជាង ១.០០០ នាក់ចាប់តាំងពីយោធាបានទម្លាក់លោកស្រី អ៊ុង សានស៊ូជី ពីអំណាចកាលពី​៦​ខែមុន។

សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសនេះមានភាពច្របូកច្របល់ចាប់តាំងពីថ្ងៃទី​១ខែកុម្ភៈ នៅពេលដែលកងកម្លាំងប្រដាប់អាវុធដណ្តើមអំណាចដោយរដ្ឋប្រហារ បង្កឱ្យមានការប្រឆាំង ខណៈក្រុមអ្នកតវ៉ាទាមទារឱ្យវិលត្រឡប់មករកលទ្ធិប្រជាធិបតេយ្យវិញ។

កងកម្លាំងសន្តិសុខបានឆ្លើយតបជាមួយនឹងការបង្ក្រាបដោយបង្ហូរឈាមដោយប្រើការបាញ់ប្រហារផ្ទាល់ប្រឆាំងនឹងជនស៊ីវិល។ ប៉ុន្តែក្រុមមនុស្សដែលប្រឆាំងនឹងរបបយោធាដែលខ្លះបានបង្កើតក្រុមការពារខ្លួននៅតែបន្តធ្វើបាតុកម្មតាមដងផ្លូវជារៀងរាល់ថ្ងៃ។

សមាគមជំនួយក្រុមសកម្មជនសម្រាប់អ្នកទោសនយោបាយដែលបញ្ជាក់ពីការស្លាប់និងការចាប់ខ្លួនដ៏ច្រើននៅក្រោមរបបនេះ បាននិយាយថាចំនួនមនុស្សដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខបានកើនឡើងដល់ ១.០០១ នាក់កាលពីថ្ងៃពុធ។

លេខារួមរបស់ AAPP បាននិយាយថាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងឆ្ងាយណាស់។ លោកបានមានប្រសាសន៍ថា« ដរាបណាយោធាមានអំណាច ពួកគេនឹងបន្តសម្លាប់យុវជន អ្នកជំនាញ ដូចជាវេជ្ជបណ្ឌិតនិងគ្រូបង្រៀន បុរសស្ត្រីនិងកុមារ»។

​​យ៉ាងណាមិញ ប្រទេស​មីយ៉ាន់ម៉ា រហូតមកដល់ពេលនេះ បានកត់ត្រាករណីឆ្លងជំងឺកូវីដ១៩ ជាង ៣៦០.០០០ ករណី និ​ងមានអ្នកស្លាប់ចំនួន​១៣.៦២៣ នាក់​។ វិបត្តិសុខភាព ត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើង ដោយកង្វះការថែទាំសុខភាពផ្លូវការ ខណៈមន្ទីរពេទ្យជាច្រើនត្រូវបានទុកចោលដោយបុគ្គលិកដែលចូលរួមធ្វើកូដកម្មទូទាំងប្រទេសប្រឆាំងនឹងរបបយោធា៕

ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram