អន្តរជាតិ៖ ក្រុមតាលីបង់បានព្រមានកាលពីថ្ងៃចន្ទទី២៣ខែសីហាថា នឹងមានផលវិបាក ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែបន្តវត្តមានរបស់ពួកគេក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសពីសប្តាហ៍ក្រោយ ។ ការព្រមាននេះ ធ្វើឡើងខណៈភាពវឹកវរ នៅតែបន្តកើតឡើងនៅព្រលានយន្តហោះរដ្ឋធានី កាប៊ុល ។
សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នេះថា ការកាន់កាប់ប្រទេសដោយក្រុមសកម្មប្រយុទ្ធនេះកាលពីចុងសប្តាហ៍មុន បានធ្វើឲ្យពួកប្រទេសលោកខាងលិចភ្ញាក់ផ្អើលជាខ្លាំង ដ្បិតថា វិបត្តិនយោបាយនេះ កើតឡើងត្រឹម២សប្ដាហ៍ប៉ុណ្ណោះមុនពេល កាលកំណត់ ថ្ងៃទី៣១ ខែសីហា ដែលកងទ័ពបរទេសទាំងអស់ ត្រូវតែដកថយចេញពីប្រទេសមជ្ឈិមបូព៌ានេះ។
ដើម្បីគ្រប់គ្រងភាពចលាចលនៃការដឹកជម្លៀសជនបរទេស ដែលភាគច្រើនពួកលោកខាលិច និងពលរដ្ឋអាហ្វហ្កានីស្ថានម្ចាស់ស្រុក ដែលធ្លាប់ធ្វើការឲ្យទ័ព និងភ្នាក់ងារបរទេស, កងទ័ពបរទេសរាប់ពាន់នាក់ រាប់តាំងពីអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់ ជាដើម ត្រូវបានបញ្ជាឲ្យចូលទៅកាន់ទឹកដីអាហ្វហ្កានីស្ថាន ។
ការបញ្ជូនទ័ពបរទេសបន្ថែមនេះ កើតឡើងស្របពេលមានការដាក់សម្ពាធដែលចេះតែបន្តកើនឡើង ពីខាងក្នុងនិងខាងក្រៅ ឲ្យក្រុងវ៉ាស៊ីនតោនពន្យារពេលកាលកំណត់ដកទ័ពចេញទាំងស្រុង ពីទឹកដីអាហ្វហ្កានីស្ថាន នាចុងខែសីហានេះ។
យ៉ាងណាមិញ ពួកតាលីបង់ បានបង្ហាញជំហររឹងត្អឹង ដោយមិនព្រមសម្រុះសម្រួលលើការដកទ័ពអាមេរិក។ ប្រាប់ទូរទស្សន៍អង់គ្លេស Sky News នៅថ្ងៃចន្ទ អ្នកនាំពាក្យក្រុមតាលីបង់ Suhail Shaheen បានលើកឡើងដូច្នេះថា៖«ប្រសិនបើ សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ចង់បានពេលវេលាបន្ថែមទៀត ដើម្បីបន្តប្រតិបត្តិការជម្លៀស [ពលរដ្ឋ]។ ចម្លើយគឺ ទេ។ ឬ [បើមិនដូច្នោះទេ] វានឹងមានផលវិបាក»។ ត្រង់ចំណុចនេះ អ្នកនាំពាក្យតាលីបង់រូបនេះ សង្កត់ធ្ងន់ថា ការដាក់ពង្រាយកងទ័ពបរទេស លើសកាលកំណត់ដែលបានព្រមព្រៀងគ្នា នឹងក្លាយជាឈ្លានពាន។
ប្រធានាធិបតីអាមេរិក ចូ បៃដិន បន្តអះអាងថា លោកចង់បិទបញ្ចប់វត្តមានអាមេរិក និងប្រតិបត្តិការជម្លៀសប្រជាជនត្រឹមថ្ងៃទី៣១ ខែសីហា ដោយបាំងតែ១សប្ដាហ៍ទៀតប៉ុណ្ណោះ។ ក៏ប៉ុន្តែសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស អះអាងថា វានឹងមិនអាចទៅរួចទេ ដែលពួកគេអាចយកមនុស្សគ្រប់គ្នាចេញពីទឹកដីអាហ្វហ្កានីស្ថានត្រឹមពេលខ្លីបែបនេះ។
កាលពីថ្ងៃអាទិត្យ លោក បៃដិន លើកឡើងថា កិច្ចពិភាក្សា បាននិងកំពុងរៀបចំឡើងដើម្បីស្វះស្វែងរកលទ្ធភាពនៃការពន្យារពេលកំណត់ ៣១ សីហា ខាងមុខនេះ។ ជាមួយគ្នានេះ លោកក៏ទទួលស្គាល់ពីហេតុការណ៍ដ៏សោកសង្រេងនៅព្រលានយន្តហោះកាប៊ុល ដែលបង្ហាញថា ទារក និងកូនក្មេង ត្រូវបានហុចទៅឲ្យទាហាន ផ្លោះរបងលួស និងមនុស្សជាច្រើនព្យាយាមតោងកង់យន្តហោះ ដើម្បីរត់គេចខ្លួន ហើយខ្លះក៏ធ្លាក់ស្លាប់ ។
យ៉ាងណាក៏ដោយចុះ លោកប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះ អះអាងថា វាគ្មានផ្លូវណាដែលជម្លៀសមនុស្សច្រើនសន្ធឹកបែបនេះ ដោយគ្មានការឈឺចាប់ និងការបាត់បង់ ក៏ដូចជារូបភាពប្រេះឆារបេះដូង ដូចមនុស្សគ្រប់គ្នាបានមើលឃើញឡើយ។
សូមបញ្ជាក់ថា មេដឹកនាំនៃបណ្ដាប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) រួមមាន សហរដ្ឋអាមេរិក អ៊ីតាលី បារាំង អាល្លឺម៉ង់ ជប៉ុន និងកាណាដា នឹងជួបប្រជុំគ្នាតាមប្រព័ន្ធអនឡាញនៅថ្ងៃអង្គារនេះ ដើម្បីជជែកលើរឿងកិច្ចប្រឹងប្រែងជម្លៀសប្រជាជនចេញពីអាហ្វហ្កានីស្ថាន ក៏ដូចជា អនាគតរយៈវែងសម្រាប់ប្រទេសមជ្ឈិមបូព៌ានេះផងដែរ។ នេះបើតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson ដែលនឹងធ្វើជាប្រធានកិច្ចប្រជុំកំពូលនេះ៕
ប្រភព៖ Channel News Asia