អន្តរជាតិ៖ លោក JOE Biden បានព្រមានអំពី«ហានិភ័យធ្ងន់ធ្ងរនិងកាន់តែខ្លាំងឡើង» នៃការវាយប្រហារភេរវកម្មដោយក្រុមដែលបំបែកខ្លួនពីISIS នៅអាហ្វហ្គានីស្ថាន ខណៈកិច្ចខិតខំប្រឹងប្រែងជម្លៀសមនុស្សនៅតែបន្ត។ នៅក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបន្ទាន់និម្មិតមួយនៃមេដឹកនាំ G7 លោកបៃដិន បានព្រមានពីហានិភ័យ ចំពោះកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្ត ដែលកំពុងស្នាក់នៅអាហ្វហ្គានីស្ថាន ហួសពីថ្ងៃទី៣១ ខែសីហា។ មុនថ្ងៃកំណត់។
សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះថា ប្រធានាធិបតីអាមេរិកបាននិយាយថា« មានបញ្ហាប្រឈមពិតប្រាកដនិងសំខាន់ ដែលយើងត្រូវពិចារណាផងដែរ ប្រសិនបើយើងស្នាក់នៅយូរជាងនេះ ដោយចាប់ផ្តើមពីហានិភ័យកាន់តែខ្លាំងឡើង នៃការវាយប្រហារ ដោយក្រុមភេរវករដែលគេស្គាល់ថា ISISK ដែលជាសម្ព័ន្ធរបស់ ISIS នៅអាហ្វហ្គានីស្ថាន។ សត្រូវរបស់តាលីបង់ផងដែរ»។
«រាល់ថ្ងៃយើងនៅលើដីគឺជាថ្ងៃមួយទៀត ដែលយើងដឹងថា ISISK កំពុងស្វែងរកគោលដៅនៅព្រលានយន្តហោះ ហើយវាយប្រហារទាំងកងកម្លាំងអាមេរិកនិងសម្ព័ន្ធមិត្តនិងជនស៊ីវិលស្លូតត្រង់»។
លោកបៃដិនក៏បានព្រមានផងដែរ អំពីទំនាក់ទំនងការងារ«តឹងតែង» ជាមួយតាលីបង់កាន់តែយ៉ាប់យ៉ឺន ប្រសិនបើកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថានយូរជាងនេះ។
លោកបាននិយាយថា« លើសពីនេះរហូតមកដល់ពេលនេះ តាលីបង់ បាននិងកំពុងចាត់វិធានការ ដើម្បីធ្វើការជាមួយយើង ដើម្បីឱ្យយើងអាចជួយប្រជាជនយើងចេញ ប៉ុន្តែដោយសារស្ថានភាពតឹងតែង យើងមានការផ្ទុះអាវុធខ្លះរួចមកហើយ យើងមានហានិភ័យយ៉ាងធ្ងន់ធ្ងរ នៅពេលដែលពេលវេលាបន្តទៅមុខទៀត»។
លោកបៃដិនបាននិយាយថា លោកចង់ឱ្យកងកម្លាំងអាមេរិកទាំងអស់ ត្រូវដកចេញពីអាហ្វហ្គានីស្ថានឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន មុនថ្ងៃកំណត់ថ្ងៃទី ៣១ ខែសីហា។ ប៉ុន្តែលោកបានបន្ថែមថា ផែនការភាពតានតឹងកំពុងត្រូវបានរៀបចំឡើងដើម្បីពង្រីកការដក«ប្រសិនបើចាំបាច់»។ លោកបៃដិនបាននិយាយថា អាមេរិកនិងសម្ព័ន្ធមិត្តនឹងមិនយកពាក្យរបស់តាលីបង់ ថា អាហ្វហ្កានីស្ថាននឹងមិនក្លាយជាមូលដ្ឋានសម្រាប់ភេរវករម្តងទៀតនោះទេ។
គួរបញ្ជាក់ថា ក្រុមតាលីបង់បានព្រមានកាលពីថ្ងៃចន្ទទី២៣ខែសីហាថា នឹងមានផលវិបាក ប្រសិនបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន នៅតែបន្តវត្តមានរបស់ពួកគេក្នុងប្រទេសអាហ្វហ្គានីស្ថាន ហួសពីសប្តាហ៍ក្រោយ ។ ការព្រមាននេះ ធ្វើឡើងខណៈភាពវឹកវរ នៅតែបន្តកើតឡើងនៅព្រលានយន្តហោះរដ្ឋធានី កាប៊ុល ។
អ្នកនាំពាក្យក្រុមតាលីបង់ Suhail Shaheen បានលើកឡើងថា៖«ប្រសិនបើ សហរដ្ឋអាមេរិក ឬចក្រភពអង់គ្លេស ចង់បានពេលវេលាបន្ថែមទៀត ដើម្បីបន្តប្រតិបត្តិការជម្លៀស [ពលរដ្ឋ]។ ចម្លើយគឺ ទេ។ ឬ [បើមិនដូច្នោះទេ] វានឹងមានផលវិបាក»។ ត្រង់ចំណុចនេះ អ្នកនាំពាក្យតាលីបង់រូបនេះ សង្កត់ធ្ងន់ថា ការដាក់ពង្រាយកងទ័ពបរទេស លើសកាលកំណត់ដែលបានព្រមព្រៀងគ្នា នឹងក្លាយជាឈ្លានពាន៕
ប្រភព៖ Express ប្រែសម្រួល៖ នង ណារិន