ភាពតានតឹងរវាងចិននិងតៃវ៉ាន់កំពុងពុះកញ្ជ្រោល ខណៈដែលយន្តហោះយោធាចិនហោះរំលោភ ចូលដែនអាកាសរបស់តៃវ៉ាន់ជាថ្មី
អន្តរជាតិ
512

អន្តរជាតិ៖ យន្តហោះយោធា ប្រទេសចិន បានចូលទៅក្នុងដែនអាកាសរបស់តៃវ៉ាន់ជាថ្មីម្តងទៀត ដែលបង្កឱ្យមានភាពតានតឹងរវាងទីក្រុងប៉េកាំងនិងតៃប៉ិ។ នេះបើយោងតាម ក្រសួងការពារជាតិ តៃវ៉ាន់ យន្តហោះយោធា ចិន បានចូលក្នុងទីក្រុងតៃប៉ិភាគនិរតី ។

សារព័ត៌មាន Express បានចេញផ្សាយនៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងការប្រកាសមួយពីក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងថា ប្រទេសចិនបានបញ្ជូនកងទ័ពរំដោះប្រជាជនចិន (PLA) Y-8 ASW នៅលើតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតីនៃទីក្រុងតៃប៉ិ។

នេះជាការលុកលុយនៃដែនអាកាសចុងក្រោយបង្អស់ពីប្រទេសចិន ដោយកាលពីថ្ងៃច័ន្ទ គេឃើញមានយន្តហោះពីរគ្រឿងគឺ Y-8 EW និង Y-8 ASW ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសភាគនិរតីនៃតៃវ៉ាន់។ ហើយកាលពីថ្ងៃអាទិត្យ យន្តហោះ PLA Y-8 ASW មួយគ្រឿងបានចូលទៅក្នុងផ្នែកដូចគ្នានៃ ដែនអាកាសតៃវ៉ាន់។

កងទ័ពអាកាសតៃវ៉ាន់ បានឆ្លើយតបកាលពីមុន ដោយចេញការព្រមាន និងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារអាកាស ចំពោះការលុកលុយរបស់ចិន ដែលបានបញ្ជូនយន្តហោះចម្បាំងចូលដែនអាកាសរបស់ខ្លួន ។ កាលពីថ្ងៃទី ១៥ ខែមិថុនា ប្រទេសចិនបានបញ្ជូន យន្តហោះចម្បាំងចំនួន ២៨ គ្រឿងចូលក្នុងដែនអាកាសរបស់តៃប៉ិ។​ នៅថ្ងៃទី ១៨ ខែសីហា ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន ៦ គ្រឿង យន្តហោះទម្លាក់គ្រាប់បែកចំនួន ២ គ្រឿងនិងយន្តហោះស៊ើបការណ៍ចំនួន ៣ គ្រឿងទៀត មកលើកោះតៃវ៉ាន់។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បាននិយាយថា ការលុកលុយនេះក៏កើតឡើង ស្របពេលជាមួយនឹងបេសកកម្មកងទ័ពជើងទឹកអាមេរិក មានទាំង យន្តហោះស៊ើបការណ៍ EP-3E និងយន្តហោះប្រឆាំងនាវាមុជទឹក P-8A បានធ្វើដំណើរឆ្លងនៅជិតតំបន់ ភាគនិរតីរបស់តៃវ៉ាន់ ។

ប្រទេសចិន បានធ្វើសមយុទ្ធយោធា ផ្លូវអាកាសនិងសមុទ្រដ៏ធំមួយនៅជិតកោះតៃវ៉ាន់ ដើម្បីឆ្លើយតបទៅនឹងអ្វីដែលគេហៅថា« ការបង្កហេតុ»ពីកងកម្លាំងខាងក្រៅ ។ លោក Shi Yi អ្នកនាំពាក្យបញ្ជាការ ភាគខាងកើតរបស់កងទ័ពរំដោះប្រជាជនចិន(PLA) ថ្មីៗនេះបានឲ្យដឹងថា ប្រទេសចិន បានបញ្ជូនយន្តហោះប្រឆាំងនាវាមុជទឹក យន្តហោះចម្បាំង និងនាវាចម្បាំងទៅកាន់ភាគនិរតីនិងភាគអាគ្នេយ៍កោះតៃវ៉ាន់ ដើម្បីធ្វើសមយុទ្ធ សមត្ថភាពនិងប្រតិបត្តិការរួមគ្នា។

លោកបាននិយាយថា« ថ្មីៗនេះសហរដ្ឋអាមេរិកនិងកោះតៃវ៉ាន់ បានបង្កនិងបញ្ជូនសញ្ញាបង្កហេតុយ៉ាងធ្ងន់ធ្ងរម្តងហើយម្តងទៀត ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាពរបស់ចិន និងបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ដែលបានក្លាយជាប្រភពហានិភ័យធំបំផុតនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ។

សមយុទ្ធនេះកើតឡើង បន្ទាប់ពីសមាជិកព្រឹទ្ធសភាអាមេរិកជាន់ខ្ពស់ម្នាក់ បានបង្ហាញថា សហរដ្ឋអាមេរិក មានទាហាន ចំនួន៣០.០០០ នាក់ឈរជើងនៅកោះតៃវ៉ាន់ ។ ភ្លាមៗប្រទេសចិន បានចេញការព្រមាន ថា ខ្លួននឹង« បើកការធ្វើសង្រ្គាមភ្លាមៗ» លើកងទ័ពអាមេរិក ដែលឈរជើងនៅ កោះតៃវ៉ាន់ ។ ប្រសិនបើវាជាការពិតដែលថា អាមេរិកមានទាហានចំនួន ៣០.០០០នាក់ ឬតិចជាងចំនួននោះដែលឈរជើងនៅលើកោះតៃវ៉ាន់ នោះកងកម្លាំងយោធាចិននឹងធ្វើសង្គ្រាមភ្លាមៗ ដើម្បីកំចាត់និងបណ្តេញទាហានអាមេរិកចេញពីកោះតៃវ៉ាន់៕

ប្រភព៖ Express ប្រែសម្រួល៖ នង ណារិន

Telegram