លោក ពូទីន និងលោក ស៊ី ជិនពីង ប្តេជ្ញាប្រយុទ្ធប្រឆាំងនឹង«ការគំរាមកំហែង» ដែលកើតចេញពីវិបត្តិនៅអាហ្វហ្គានីស្ថាន ក្រោយតាលីបង់ចូលក្ដាប់អំណាច
អន្តរជាតិ
409

អន្តរជាតិ៖ ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជិនពីង បានព្រមព្រៀងគ្នាថា ប្រទេសមេដឹកនាំទាំងពីរ នឹងជំរុញកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងការគំរាមកំហែង ដែលលេចចេញពីប្រទេសអាហ្វហ្កានីស្ថាន ក្រោយការកាប់កាប់របស់ពួកឧទ្ទាមតាលីបង់ ។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Sputnik នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ក្នុងកិច្ចសន្ទតាមទូរសព្ទ មេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរនេះ បានបង្ហាញការត្រៀមលក្ខណៈរួចរាល់ក្នុងការពង្រឹងកិច្ចប្រឹងប្រែងសំដៅ រាំងខ្ទប់ការគំរាមកំហែងនៃអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀន ដែលធ្លាយចេញពីដែនដី អាហ្វហ្កានីស្ថាន។

ក្នុងសេចក្តីថ្លែងការណ៍ វិមានក្រែមឡាំង គូសបញ្ជាក់ថា លោក ពូទីន និងលោកស៊ី ជិនភីង ក៏បានលើកឡើងពីសារសំខាន់នៃរៀបចំសន្តិភាព ក្នុងប្រទេសហែកហួរដោយសង្គ្រាម អាហ្វហ្កានីស្ថាន ក៏ដូចជា រារាំងការរីកសាយភាយនៃអស្ថិរភាពទៅកាន់តំបន់ទាំងមូល។

ម្យ៉ាងវិញទៀត ប្រធានាធិបតី ស៊ី និងពូទីន ក៏បានយល់ព្រមលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ និងប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការពហុភាគី តាមរយៈ វេទិកាអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ ឬហៅកាត់ថា «SCO» ដែលគ្រោងរៀបចំឡើងជាលក្ខណៈកិច្ចប្រជុំកំពូលនាខែក្រោយក្នុងប្រទេសតាហ្ស៊ីគីស្ថានផងដែរ។

មែនទែនទៅ ខណៈរដ្ឋាភិបាលក្រុង មូស្កូ បានបង្ហាញសុទិដ្ឋិនិយមដោយ ប្រុងប្រយ័ត្នជុំវិញមេដឹកនាំថ្មី ក្នុងរដ្ឋធានី កាប៊ុល តែលោកពូទីន ក៏បានឆ្លៀតព្រមានពីការហូរចូលដ៏សន្ធឹកនៃក្រុមសកម្មប្រយុទ្ធអាហ្វហ្កានីស្ថានទៅកាន់ប្រទេសក្បែរខាង ក្នុងនាមជា ជនភៀសខ្លួន។

ជាមួយគ្នានេះដែរ លោកប្រធានាធិបតី ពូទីន ក៏បានព្រមានពីការជាប់ពាក់ព័ន្ធរបស់អំណាចខាងក្រៅក្នុងកិច្ចការនយោបាយក្នុងស្រុករបស់ប្រទេសអាហ្វហ្កានីស្ថាន ហើយសង្កត់ធ្ងន់ថា ក្រុងមូស្កូ បានរៀនសូត្រមេរៀនពីការឈ្លានពានរាប់ទសវត្សរ៍របស់សហភាពសូវៀតលើប្រទេសមជ្ឈិមបូព៌ានេះ។

យ៉ាងណាក៏ដោយចុះ សម្រាប់ប្រទេសចិន ក្រោយចូលច្បាមអំណាចរបស់ពួកតាលីបង់កាលពីថ្ងៃទី១៥ ខែសីហា រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសថា ខ្លួនត្រៀមរួចរាល់ដើម្បីរឹតចំណងទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសអាហ្វហ្កានីស្ថាន៕

ប្រភព៖ Sputnik ប្រែសម្រួល៖ នង ណារិន

Telegram