ពួកតាលីបង់ ចាប់រឹបអូសឧទ្ធម្ភាគចក្ររុស្ស៊ីជាង​១០០​គ្រឿង ពីកងទ័ពអាហ្វហ្កានីស្ថាន ខណៈដែលកំពុងប្រយុទ្ធគ្នា
អន្តរជាតិ
603

អន្តរជាតិ៖ ឧទ្ធម្ភាគចក្រជាង ១០០ គ្រឿង​ផលិតនៅរុស្ស៊ី បានធ្លាក់ក្នុងកណ្តាប់ដៃពួកតាលីបង់ នេះបើយោងតាមប្រធានក្រុមហ៊ុននាំចេញអាវុធរដ្ឋរុស្ស៊ី។ ក្រុមជីហាដ បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល ដោយល្បឿនដែលពួកគេបានគ្រប់គ្រង ដើម្បីដណ្តើមយកអាហ្វហ្គានីស្ថានមកវិញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Express នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម បានប្រយុទ្ធនិង​កងទ័ពរបស់អតីតប្រធានាធិបតី Ashraf Ghani ដោយពួកគេបានវាយលុកប្រទេសនិងចូលទីក្រុងកាប៊ុល ដើម្បីដណ្តើមអំណាចមកវិញ។ ក្រុម តាលីបង់ បានទទួលជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ពួកគេ បើទោះបីជាប្រឈមមុខនឹងសត្រូវ​រហូតដល់ ៣០០.០០០ នាក់ និងបំពាក់ឧបករណ៍ជាច្រើនពាន់លានដុល្លារក៏ដោយ។

ស្របពេលដែលក្រុម តាលីបង់ បានវាយលុកនឹងកងទ័ពអាហ្វហ្គានីស្ថាននោះ ក្រុមនេះ​បានកាន់កាប់ឃ្លាំងអាវុធ និងយានយន្តធំ​ៗ រួមទាំងរឹបអូស​ឧទ្ធម្ភាគចក្រ Mi-17 Hip យ៉ាងតិច​១០០គ្រឿង ដែលជាយន្តហោះដឹកជញ្ជូនដែលផលិតដោយរុស្ស៊ី ដែលអាមេរិកបានទិញសម្រាប់កងកម្លាំងប្រដាប់អាវុធអាហ្វហ្គានីស្ថាន​។

យោងតាមទីភ្នាក់ងារព័ត៌មាន អ៊ីនធឺហ្វេក លោក អាឡិចសាន់ឌឺ មីឃីវ ប្រធានក្រុមហ៊ុននាំចេញរបស់រុស្ស៊ី បាននិយាយថា« ​ឧទ្ធម្ភាគចក្រនៅទីនោះមាន​ជាង ១០០ ប្រភេទផ្សេងៗគ្នា»។ របាយការណ៍កាលពីខែកក្កដា ពីអគ្គអធិការពិសេសអាមេរិក សម្រាប់ការស្ថាបនាឡើងវិញនៅអាហ្វហ្គានីស្ថាន បាន និយាយថា យោធាអាហ្វហ្គានីស្ថាន មានឧទ្ធម្ភាគចក្រ Mi-17 ចំនួន​៥៦​គ្រឿង ដែលក្នុងនោះមានតែ ៣២ គ្រឿង ប៉ុណ្ណោះ ដែលអាចប្រើបាន​នៅក្នុងប្រទេស។

សូមជម្រាបថា ប្រទេសរុស្ស៊ី នៅថ្ងៃពុធនេះបានប្រកាសថា ខ្លួននឹងចាប់ផ្តើមជម្លៀសពលរដ្ឋរបស់ខ្លួនយ៉ាងតិច ៥០០ នាក់ចេញពីអាហ្វហ្គានីស្ថាន តាមយន្តហោះដឹកជញ្ជូនចំនួន​៤​គ្រឿង។ ក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ខ្លួននឹងមិនបិទស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះទេ ហើយនឹងធ្វើការពិគ្រោះយោបល់ផ្នែកសន្តិសុខជាមួយមន្រ្តីតាលីបង់ ចាប់តាំងពីការដួលរលំទីក្រុងកាប៊ុល កាលពីសប្តាហ៍មុន។

ទន្ទឹមនឹងនេះដែរ ការិយាល័យការបរទេសអង់គ្លេស បានព្រមានជនជាតិអង់គ្លេសដែលព្យាយាមភៀសខ្លួនចេញពីអាហ្វហ្គានីស្ថាន ចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិកាប៊ុល ដោយសារតែ« ការគំរាមកំហែងជាបន្តបន្ទាប់ នៃការវាយប្រហារភេរវកម្ម»។ ការព្រមាននេះកើតមានឡើង ខណៈដែលជនស៊ីវិលរាប់ពាន់នាក់ បន្តធ្វើដំណើរទៅកាន់អាកាសយានដ្ឋាន បន្ទាប់ពីការវាយលុករបស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាន។

ក្នុងនោះ ប្រមុខចារកម្មជឿជាក់ថា មានហានិភ័យខ្ពស់ដែលក្រុមជ្រុលនិយមមកពី Isis-K ជាក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម កំពុងរៀបចំផែនការវាយប្រហារសម្លាប់មនុស្ស៕

ប្រភព៖ Express ប្រែសម្រួល៖ នង ណារិន

Telegram