អន្តរជាតិ៖ យោធាអាមេរិកចំនួន ១៣ នាក់និងជនជាតិអាហ្វហ្គានីស្ថានយ៉ាងតិច ៦០នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកពីរលើក នៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុល។ ការផ្ទុះដ៏សាហាវនេះ បានកើតឡើងចំពេលដែលសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចផ្សេងទៀត ព្យាយាមបញ្ចប់ការជម្លៀសប្រជាជននិងសម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានរបស់ពួកគេ បន្ទាប់ពីក្រុមតាលីបង់ កាន់កាប់ប្រទេសនេះ។
សារព័ត៌មាន CNN បានចេញផ្សាយនៅ ព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ នេះថា ប្រមុខទីបញ្ជាការកណ្តាលនៃកងទ័ពសហរដ្ឋអាមេរិក បានប្រកាសនៅថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ថា កងទ័ពអាមេរិកដែលបានបាត់បង់ជីវិត ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅតំបន់អាកាសយានដ្ឋានទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន បានកើនឡើងរហូតដល់ ១៣នាក់់ហើយ ខណៈកងកម្លាំង១៨នាក់ទៀតរងរបួស។
មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី Kenneth McKenzie បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើង នៅក្នុងទីក្រុងកាប៊ុលនៅព្រឹកថ្ងៃព្រហស្បតិ៍ (ម៉ោងនៅវ៉ាស៊ីនតោន) ដោយលើកទីមួយកើតឡើងនៅច្រក អាបប៊ី ហ្គេត (Abbey Gate) នៃអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) និងមួយលើកទៀតនៅក្នុងសណ្ឋាគារ បារ៉ុន (Baron Hotel)។
លោក MacKenzie បានបន្ថែមថា «នៅពេលនេះ យើងបានដឹងថា ទាហានរបស់យើង ១៣នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ និង ១៨នាក់ទៀតរងរបួស»។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។
បើតាមលោក McKenzie ការវាយប្រហារនៅឯច្រក Abbey Gate ដែលបានបង្កឲ្យទាហានអាមេរិកបាត់បង់ជីវិតនោះ គឺមានការចូលរួមពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ គាំទ្រដោយខ្មាន់កាំភ្លើង ISIS ប៉ុន្មាននាក់ទៀត ដែលបានបើកការបាញ់រះទៅលើជនស៊ីវិល និងកងកម្លាំងទាហានជាបន្តបន្ទាប់។
ក្នុងនោះ បើតាមមន្រ្តីម្នាក់នៅក្រសួងសុខាភិបាលអាហ្វហ្គានីស្ថាន បានប្រាប់ CNN កាលពីថ្ងៃព្រហស្បតិ៍ថា ជនជាតិអាហ្វហ្គានីស្ថានជាង ៦០ នាក់បានស្លាប់និង ១៤០ នាក់ទៀតរងរបួស។
សូមជម្រាបថា កាលពីប៉ុន្មានថ្ងៃមុន ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងពីហានិភ័យនៃការវាយប្រហារភេរវកម្មថា ជាហេតុផលដែលនាំឲ្យកងទ័ពអាមេរិកចាកចេញពីប្រទេសអាហ្វហ្គានីស្ថានត្រឹមថ្ងៃទី ៣១ ខែសីហា។ មន្រ្តីអាមេរិកបានព្រមានកាលពីសប្តាហ៍មុនថា ការគំរាមកំហែងនៃការវាយប្រហារភេរវកម្មនៅព្រលានយន្តហោះកាន់តែមានភាពស្រួចស្រាវទៅៗ។ ហើយកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ ក្រុមអ្នកការទូតអាមេរិកនៅទីក្រុងកាប៊ុល បានព្រមានពលរដ្ឋអាមេរិកឲ្យចាកចេញភ្លាមៗតាមច្រកនានាចូលទៅក្នុងអាកាសយានដ្ឋាន ដោយលើកឡើងពីការគំរាមកំហែងសន្តិសុខ។
គួរបញ្ជាក់ថា ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយទង្វើនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុម ISIS ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា សមាជិករបស់ក្រុមនេះបានរៀបធ្វើដំណើរ ទៅកាន់កន្លែងប្រមូលផ្តុំកកកុញនៃក្រុមអ្នកបកប្រែ និងសម្របសម្រួល នៅក្នុងជំរុំ បារ៉ាន (Baran Camp) នៃកងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់បែក ដែលនៅជាប់ខ្លួនតែម្តង។ ជាលទ្ធផលមនុស្សជាង ៦០នាក់បានស្លាប់ និង ១៤០នាក់រងរបួស៕
ប្រភព៖ CNN ប្រែសម្រួល៖ នង ណារិន