អាមេរិកព្រមានជាថ្មី ឲ្យពលរដ្ឋខ្លួនប្រញាប់ចាកចេញពី ព្រលានយន្តហោះទីក្រុងកាប៊ុល ដោយសារការវាយប្រហារភេរវកម្មអាចកើតមានបន្ថែមទៀត
អន្តរជាតិ
502

អន្តរជាតិ៖ កងកម្លាំងអាមេរិកដែលជួយជម្លៀសជនជាតិអាហ្វហ្គានីស្ថានដែលអស់សង្ឃឹមក្នុងការរត់គេចពីការគ្រប់គ្រងរបស់តាលីបង់បានបង្កើនការប្រុងប្រយ័ត្នចំពោះការវាយប្រហារដែលអាចកើតមានបន្ថែមទៀត បន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតរបស់ក្រុមរដ្ឋអ៊ីស្លាមនៅខាងក្រៅអាកាសយានដ្ឋានទីក្រុងកាប៊ុលបានសម្លាប់មនុស្សយ៉ាងតិច ៩២ នាក់រួមទាំងមន្ត្រីបម្រើសេវាកម្មរបស់អាមេរិកចំនួន ១៣ នាក់ផងដែរ។

សារព័ត៌មាន CNN បានចេញផ្សាយនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ នេះថា សេតវិមានរបស់អាមេរិកបាននិយាយថា ចំពោះប៉ុន្មានថ្ងៃខាងមុខនៃប្រតិបត្តិការជម្លៀសជនជាតិអាមេរិកដែលកំពុងបន្តនេះ ទំនងជាមានគ្រោះថ្នាក់បំផុតដែលអាចប្រឈមនឹងការវាយប្រហារពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមសាជាថ្មី។

យ៉ាងណាមិញ ទោះបីជាមានការវាយប្រហារពីសំណាក់ក្រុមរដ្ឋអ៊ីស្លាមក៏ដោយ ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាននៅតែបន្ត។ សេតវិមានរបស់អាមេរិកបាននិយាយថា មនុស្សប្រហែល ៤២០០ នាក់ត្រូវបានជម្លៀសចេញពីទីក្រុងកាប៊ុលក្នុងរយៈពេល ១២ ម៉ោងកាលពីថ្ងៃសុក្រទី ២៧ ខែសីហា។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យរបស់មន្ទីរបញ្ចកោណលោក John Kirby បាននិយាយថា អាមេរិកជឿជាក់ថានៅតែមានការគំរាមកំហែងដែលអាចជឿទុកចិត្តបានថានឹងកើតមានលើព្រលានយន្តហោះក្រុងកាប៊ុល បន្ទាប់ពីការបំផ្ទុះគ្រាប់បែកនៅច្រកទ្វារមួយរបស់វា។

លោក Kirby បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងវ៉ាស៊ីនតោនថា៖«យើងបានត្រៀមខ្លួនរួចហើយ ចំពោះការប៉ុនប៉ងវាយប្រហារនានាដែលរំពឹងថានឹងកើតមាននៅពេលអនាគត ហើយយើងកំពុងឃ្លាំមើលការគំរាមកំហែងទាំងនេះយ៉ាងពិសេសនិងគ្រប់ពេលវេលា»។

គួរបញ្ជាក់ថា ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai ក្នុងទីក្រុងកាប៊ុល គឺជាស្នាដៃរបស់ក្រុម ISIS-K នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយក្រុមតាលីបង់បានអះអាងថា សមាជិករបស់ខ្លួន ២៨នាក់ ក៏បានស្លាប់ក្នុងការវាយប្រហារនេះដែរ។

ដោយឡែកនៅមុននេះបន្តិច ទីបញ្ជាការកណ្តាលនៃយោធាអាមេរិកបានប្រកាសថា កងទ័ពអាមេរិកបានបើកការវាយប្រហារ ដោយប្រើប្រាស់យន្តហោះដ្រូនមួយគ្រឿង ប្រឆាំងនឹងសមាជិកក្រុម ISIS នៅក្នុងខេត្ត ណាងហ្គាហា (Nangahar) នៃប្រទេសអាហ្វហ្គានីស្ថាន ព្រោះអាមេរិកជឿជាក់ថា ពួកគេទាំងនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារ ដោយបំផ្ទុះគ្រាប់បែកអត្តឃាត លើអាកាសយានដ្ឋានអន្តរជាតិជាតិទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ៕

ប្រភព៖ CNN ប្រែសម្រួល៖ នង ណារិន

Telegram