មេដឹកនាំកូរ៉េខាងត្បូង អំពាវនាវសាជាថ្មី ឲ្យមានការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ
អន្តរជាតិ
371

អន្តរជាតិ៖ កាលពីថ្ងៃអង្គារ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន (Moon Jae-in) បានថ្លែងសុន្ទរកថានៅមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ និងអំពាវនាវសាជាថ្មីឲ្យមានការប្រកាសបញ្ចប់សង្គ្រាមកូរ៉េ ឆ្នាំ១៩៥០-១៩៥៣ជាផ្លូវការ។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នេះថា លោក មូន បាននិយាយថា «ជាថ្មីម្តងទៀតខ្ញុំសូមអំពាវនាវឲ្យសហគមន៍ប្រជាជាតិនេះ ប្រមូលផ្តុំកម្លាំងសម្រាប់ការប្រកាសបញ្ចប់សង្គ្រាមនៅលើឧបទ្វីបកូរ៉េ។»

លោកបានបន្តថា «ខ្ញុំសូមស្នើឲ្យភាគីចំនួន៣ដែលមានកូរ៉េទាំងពីរនិងសហរដ្ឋអាមេរិក ឬភាគីចំនួន៤ដែលមានកូរ៉េទាំងពីរ, សហរដ្ឋអាមេរិក និងចិនធ្វើការរួមគ្នា និងប្រកាសថាសង្គ្រាមនៅលើឧបទ្វីបកូរ៉េបានបញ្ចប់។»

លោក មូន ដែលសកម្មយ៉ាងខ្លាំងនៅក្នុងការព្យាយាមទាក់ទងជាមួយកូរ៉េខាងជើងពេញមួយអាណត្តិរបស់លោកនោះបានអះអាងថា ការប្រកាសបែបនេះនឹងលើកទឹកចិត្តឲ្យកូរ៉េខាងជើងរំសាយអាវុធនុយក្លេអ៊ែរ។ សហរដ្ឋអាមេរិកបាននិយាយថា កូរ៉េខាងជើងត្រូវតែបោះបង់ចោលនូវអាវុធនុយក្លេអ៊ែររបស់គេជាមុនសិន។

កាលពីព្រឹកថ្ងៃអង្គារដដែលនោះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន (Joe Biden) ក៏បានថ្លែងសុន្ទរកថានៅមហាសន្និបាតអង្គការសហប្រជាជាតិផងដែរ និងនិយាយថាអាមេរិក «បានស្វែងរកមធ្យោបាយការទូតដែលមានការគិតគូរយ៉ាងម៉ត់ចត់ដើម្បីសម្រេចឲ្យបាននូវការលុបបំបាត់អាវុធនុយក្លេអ៊ែរពីលើឧបទ្វីបកូរ៉េ»៕

ប្រភព៖ Reuters 

Telegram