ឃើញស្នាមចាប់ហ្វ្រាំងអូស ស្បែកជើង សាច់ក្លែម និងកំប៉ុងស្រាបៀរអណ្តែតក្នុងទឹកចុះរាវរកទាំងយប់ ឃើញម៉ូតូADV ព្រឹកឡើងរកឃើញស./..ព ...
សន្តិសុខសង្គម
2.06K

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលខ្លាំងទាំងយប់ ខណៈប្រជាពលរដ្ឋ សមត្ថកិច្ច និងប្រជាការពារ នាំគ្នាចុះរាវរកម៉ូតូមួយគ្រឿង និងមនុស្ស ក្រោយឃើញជិះធ្លាក់ចូលប្រឡាយទឹក ដោយមានស្នាមចាប់ហ្វ្រាំងអូស ស្បែកជើង សាច់ក្លែម និងកំប៉ុងស្រាបៀរអណ្តែតក្នុងទឹក តែពេលរកពេលយប់នោះ ឃើញតែម៉ូតូប៉ុណ្ណោះមនុស្សរកមិនឃើញទេ លុះរហូតមកទល់ព្រឹកឡើង ទើបរកឃើញសាកសពមនុស្សប្រុសម្នាក់។

សូមបញ្ជាក់ បើតាមការបញ្ជាក់ពីសមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ នៅចំណុចប្រឡាយទឹកមួយកន្លែង ក្នុងភូមិកំរៀង សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមការបញ្ជាក់ពីសមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋជាអ្នកធ្វើសំណង់នៅការដ្ឋានជិតនោះ បានរាយការណ៍មកសមត្ថកិច្ចថា មានករណីបុរសម្នាក់ បានជិះម៉ូតូជិះចូលប្រឡាយទឹក ជាក់ស្តែងពេលសមត្ថកិច្ចចុះមកដល់ ឃើញមានស្នាមចាប់ហ្វ្រាំងអូស មានទាំងស្បែកជើង សាច់ក្លែម និងកំប៉ុងស្រាបៀរអណ្តែតក្នុងទឹក ទើបសមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ និងប្រជាការពារ នាំគ្នាចុះរាវរក តែពេលរកពេលយប់នោះ ឃើញតែម៉ូតូប៉ុណ្ណោះ អូសឡើងមកលើគោក មនុស្សរកមិនឃើញទេ ដោយក្នុងម៉ូតូនោះមានឯកសារពេទ្យ ដែលមានឈ្មោះ សេង សុវណ្ណរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរជាកីឡាករ ចំណែកម៉ូតូនេះម៉ាក ADV ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KY-4937 យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សាក់សំពៅ លុះរហូតមកទល់ព្រឹកឡើង ទើបរកឃើញសាកសពមនុស្សប្រុសម្នាក់។

ពេលនេះសពខាងលើ ត្រូវបានសមត្ថកិច្ចដឹកយមកតម្កល់ទុក ដើម្បីប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី ៕ នុច


Telegram