អន្តរជាតិ៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) កាលពីថ្ងៃអង្គារ បាននិយាយថា ចិនមិនធ្លាប់ ហើយក៏នឹងមិនឈ្លានពាន ឬសម្លុតគំរាមកំហែងប្រទេសដទៃ ឬស្វែងរកអនុត្តរភាពឡើយ។ លោក ស៊ី បានលើកឡើងដូច្នេះនៅក្នុងសេចក្តីថ្លែងការណ៍របស់លោកតាមរយៈវីដេអូនៅក្នុងសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ថា លោកបាននិយាយថា “ពលរដ្ឋចិនតែងតែខិតខំបន្តទស្សនៈវិស័យនៃសន្តិភាព, មិត្តភាព និងសុខដុមរមនា។ ចិនមិនដែល ហើយក៏នឹងមិនឈ្លានពាន ឬសម្លុតប្រទេសដទៃ ឬស្វែងរកអនុត្តរភាពឡើយ។ ចិនតែងតែជាអ្នកកសាងសន្តិភាពពិភពលោក, ជាអ្នករួមចំណែកក្នុងការអភិវឌ្ឍជាសកល, ជាអ្នកការពារសណ្ដាប់ធ្នាប់ពិភពលោក និងជាអ្នកផ្ដល់ផលប្រយោជន៍ទៅដល់ពិភពលោក។ ប្រទេសចិននឹងបន្តនាំមកនូវឱកាសថ្មីៗដល់ពិភពលោកតាមរយៈការអភិវឌ្ឍថ្មីរបស់ខ្លួន”។
ការអត្ថាធិប្បាយរបស់ លោក ស៊ី បានធ្វើឡើងតែប៉ុន្មានម៉ោងក្រោយពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) បាននិយាយថា លោកគ្មានចេតនាចង់ចាប់ផ្តើម “សង្គ្រាមត្រជាក់ថ្មី” ជាមួយចិនទេ។
អាមេរិក និងចិនបានជាប់គាំងនៅក្នុងការប្រឈមមុខដាក់គ្នាដែលបណ្ដាលមកពីការខ្វែងគំនិតគ្នាទៅលើបញ្ហាមួយចំនួនដូចជាពាណិជ្ជកម្ម, បច្ចេកវិជ្ជា, សកម្មភាពគឃ្លើនរបស់ទីក្រុងប៉េកាំងនៅសមុទ្រចិនខាងត្បូង និងសិទ្ធិមនុស្ស។
កាលពីដើមឆ្នាំនេះកិច្ចពិភាក្សាកម្រិតខ្ពស់រវាងរដ្ឋបាលរបស់ លោក បៃដិន និងទីក្រុងប៉េកាំង មានភាពតានតឹងជាខ្លាំងដោយក្រុមមន្រ្តីទាំងសងខាងបាននិយាយវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងជាសាធារណៈ៕
ប្រភព៖ Al Jazeera
