អន្តរជាតិ៖ ក្រោយពេលមានជម្លោះការទូតយ៉ាងខ្លាំងជាមួយនឹងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី ជុំវិញកិច្ចព្រមព្រៀងសន្ដិសុខ (AUKUS) នោះមក រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានចេញមុខ អះអាង ដោយចោទប្រកាន់ទៅលើសហរដ្ឋអាមេរិកថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែញុះញង់ បង្កឲ្យមានការប្រឈមមុខកាន់តែតានតឹងខ្លាំងឡើងជាមួយនឹងចិន។
សារព័ត៌មានរុស្ស៊ី Sputnik បានចេញផ្សាយ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ថា លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង កាលពីថ្ងៃទី២១ ខែកញ្ញា បានចោទប្រកាន់ សហរដ្ឋអាមេរិក ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន កំពុងតែប៉ុនប៉ង ញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសចិន តាមរយៈកិច្ចព្រមព្រៀង នៅពីក្រោយខ្នង កាលពីពេលថ្មីនេះ រវាងរដ្ឋាភិបាលកង់បេរ៉ា និង វ៉ាស៊ីនតោន ដើម្បីលុបចោលកិច្ចព្រមព្រៀង សាងសង់នាវាមុជទឹក មានតម្លៃ៣៣ពាន់លានដុល្លារសហរដ្ឋអាមេរិកជាមួយបារាំង ក្រោម កិច្ចព្រមព្រៀង «AUKUS» នេះ។

លោកស្រី ហ្លរ៉េនស៍ ប៉ាលី (Florence Parly) រដ្ឋមន្រ្ដីក្រសួងការពារជាតិបារាំង បានថ្លែងទៅកាន់សម័យប្រជុំរដ្ឋសភាបារាំង ថា ការបង្កើនអំណាច និងការរំលោភបំពានទៅលើចិន អាចបណ្ដាលឲ្យមានបញ្ហាយ៉ាងធ្ងន់ធ្ងរ ដល់បណ្ដាប្រទេស ជាច្រើន។
លោកស្រី បានបញ្ជាក់ថា «យើងត្រូវតែរកឲ្យឃើញនូវជម្រើសណាមួយ សម្រាប់ភាពប្រាកដនិយម ដែលកំពុងកើនឡើងទៅលើចិន ។ បារាំង មានវត្តមាន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក៏ ព្រោះតែបារាំងមិនចង់ឱ្យសំឡេងរបស់ខ្លួន និងសំឡេងរបស់សហភាពអឺរ៉ុប ត្រូវបានគេទាត់ចោល។ សហរដ្ឋអាមេរិក មានគោលបំណង បង្កើនបញ្ហាប្រឈមមុខតានតឹងដាក់ចិន។
លោកស្រី បានបន្ថែមថា រដ្ឋាភិបាលទីក្រុងប៉ារីស ចង់គិតពិចារណានូវ ជម្រើសជាច្រើនទៀត សម្រាប់អន្តរកម្មបន្ថែម ក្នុងចំណោមដៃគូសហភាពអឺរ៉ុបទាក់ទងនឹងវិបត្តិនេះ។
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្ដាលី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ បានបង្កើតកិច្ចព្រមព្រៀងសន្ដិសុខថ្មី ជាប្រវត្ដិសាស្រ្ដ ដែលគេឲ្យឈ្មោះ «AUKUS» ។ កិច្ចព្រមព្រៀងត្រីភាគីនេះ មានគោលបំណង ទប់ទល់នឹងឥទ្ធិពលរបស់ចិន ដែលកំពុងតែកើនឡើង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

បើតាមកិច្ចព្រមព្រៀង AUKUS នេះ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងផ្ទេរបច្ចេកវិទ្យារបស់ពួកគេ ជួយដល់អូស្រ្ដាលី ឲ្យមានសមត្ថភាព អាចសាងសង់នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរបាន។ ដោយសារតែបញ្ហានេះ ទើបអូស្រ្ដាលី បានសម្រេចចិត្តលុបចោលកុងត្រាសាងសង់នាវាមុជទឹក ចំនួន១២គ្រឿង ដែលមានតម្លៃ៣៣ពាន់លានដុល្លារជាមួយបារាំង។ រីឯកិច្ចព្រមព្រៀង AUKUS នេះ ក៏ជាដើមចមនាំឲ្យវិបត្ដិការទូតយ៉ាងខ្លាំង រវាងបារាំង និង មហាអំណាចលោកខាងលិច ហើយសម្ពន្ធមិត្ត រួមមាន សហរដ្ឋអាមេរិក អង់គ្លេស និងអូស្រ្ដាលី ផងដែរ៕
ប្រភព៖ Sputnik
