អន្តរជាតិ៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានព្រមានពីហានិភ័យនៃ«សង្គ្រាមស៊ីវិល»នៅអាហ្វហ្កានីស្ថាន ប្រសិនបើក្រុមតាលីបង់មិនអាចបង្កើតរដ្ឋាភិបាលរួមបញ្ចូលគ្នាបាន ។ ក្រោយការ ផ្ដួលរំលំរដ្ឋាភិបាលរបស់លោក អា ស្រាហ្វ ហ្គានី (Ashraf Ghani) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នោះ ពួកតាលីបង់ មិនអាចប្រមូល មកពីគ្រប់ភាគីទាំងអស់ ឲ្យចូលរួម នៅក្នុង រដ្ឋាភិបាលចម្រុះ នៅ អាហ្វហ្គានីស្ថាន ហលយនិងពីការ ព្រួយបារម្ភកាន់តែ ខ្លាំង អំពីវិបត្ដិមនុស្សធម៌ និងជនភៀសខ្លួន។

បើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានព្រមានថា ប្រទេសអាហ្វហ្គានីស្ថាន អាចនឹងធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិល ប្រសិនបើតាលីបង់ មិនអាចបង្កើតរដ្ឋាភិបាលរួបរួមជាតិបាន ។
លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានប្រាប់ដល់បណ្ដាញទូរទស្សន៍ BBC នៅក្នុងអំឡុងពេលធ្វើកិច្ចសម្ភាសន៍មួយ ហើយត្រូវបានចាក់ផ្សាយ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ថា «ប្រសិនបើតាលីបង់ មិនអាចបង្កើតរដ្ឋាភិបាលចម្រុះ មកពីគ្រប់ភាគីទាំងអស់ បានទេ នោះ អាហ្វហ្គានីស្ថាន មិនយូរ មិនឆាប់ នឹងធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិល។ ប្រសិនបើ សង្រ្គាមស៊ីវិលផ្ទុះឡើង នៅក្នុងប្រទេសនេះមែននោះ នឹងបង្កផលប៉ះពាល់ដល់ប្រទេសប៉ាគីស្ថាន ផងដែរ»។
លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានធ្វើការអត្ថាធិប្បាយបែបនេះជាលើកដំបូង ដែលជា«សារមួយដ៏លំបាក» ផ្ញើទៅកាន់តាលីបង់ ដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន ក្រោយពេលមានការចោទប្រកាន់ដល់ប៉ាគីស្ថាន គាំទ្រដ៏ក្រុមឧទ្ទាមប្រដាប់អាវុធនេះ ដើម្បីវាយកម្ទេចចលនាតស៊ូ NRF នៅតំបន់ជ្រលងភ្នំផេនសៀរ (Panjsir) ។
លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានបញ្ជាក់ថា ប្រទេសរបស់លោក មានការព្រួយបារម្ភជាចម្បង អំពីលទ្ធភាព នៃវិបត្តិមនុស្សធម៌ និងជនភៀសខ្លួន ប្រសិនបើសង្គ្រាមស៊ីវិល ផ្ទុះឡើង នៅលើទឹកដីអាហ្វហ្គានីស្ថាន ក៏ដូចជា លទ្ធភាព នៃការប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានដោយក្រុមប្រដាប់អាវុធ ដែលកំពុងប្រយុទ្ធប្រឆាំងជាមួយរដ្ឋាភិបាលប៉ាគីស្ថាន ។
លោកនាយករដ្ឋមន្រ្ដីប៉ាគីស្ថាន បានបន្ដថា អាហ្វហ្គានីស្ថាន នឹងមិនស្ថិរភាព ហើយមានតែភាពវឹកវរ។ ដូច្នេះអាហ្វហ្គានីស្ថាន នឹងក្លាយជាកន្លែងមនោគមន៍វិជ្ជា សម្រាប់ភេរវករ ។ ប្រសិនបើតាលីបង់មិនអាចគ្រប់គ្រងបាន ឬមួយការវាយប្រយុទ្ធគ្នា នៅតែបន្ដ វានឹងធ្វើឲ្យយើងកាន់តែព្រួយបារម្ភខ្លាំង។ ដូច្នេះអំពើភេរវកម្ម ចេញពីទឹកដីអាហ្វហ្គានីស្ថាន អាចនឹងកើតមានបន្ដទៀត។ កាលណាមានវិបត្ដិមនុស្សធម៌ ឬសង្គ្រាមស៊ីវិលនោះ គឺបញ្ហាជនភៀសខ្លួន នឹងហូរចូលមកកាន់ប្រទេសប៉ាគីស្ថាន នាំឲ្យយើងមានផលវិបាកច្រើនបន្ថែមទៀត»៕
ប្រភព៖ Aljazeera
