ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់ រត់ភៀសខ្លួនចូលទឹកដីឥណ្ឌា គេចចេញពីកា រប្រយុទ្ធ បង្ហូរឈាមគ្នា រវាង យោធាមីយ៉ាន់ម៉ា និងក្រុមប្រឆាំង
អន្តរជាតិ
261

អន្តរជាតិ៖ ប្រជាពលរដ្ឋ ប្រហែល ៨ ០០០នាក់ រស់នៅទីក្រុងមួយ នៃប្រទេសមីយ៉ាន់ម៉ា កំពុងតែរត់គេចខ្លួន ចេញពីការវាយប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាម រវាងកងទ័ពរបស់របបយោធា និង កម្លាំងជីវពល ដែលប្រឆាំងការធ្វើរដ្ឋប្រហារយោធា នៅក្នុងប្រទេសភូមា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូល ក្នុងវិបត្ដិកាន់តែធ្ងន់ធរ ក្រោយពេលលោកឧត្ដមសេនីយ៍ មីន អ៊ោងឡាំង ដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ រឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សាន់ស៊ូជី ដែលបានជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ ហើយចាប់ឃុំខ្លួនលោកស្រី និងមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាល កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អំពើរដ្ឋប្រហារយោធា បានបង្កឲ្យមានការតវ៉ាប្រឆាំង ហើយពួកយោធាបានបង្ក្រាបយ៉ាងឃោរឃៅ ដោយបាញ់សម្លាប់ក្រុមអ្នកតវ៉ា អស់ជាង១០០០នាក់ និងចាប់ឃុំខ្លួនជាង៦ ០០០នាក់។ អំពើឃោរឃៅរបស់ពួកយោធា បានជំរុញឲ្យក្រុមប្រដាប់អាវុធជនជាតិភាគតិច នៅតាមរដ្ឋនានា នៃប្រទេសមីយ៉ាន់ម៉ា បានងើបឡើងប្រឆាំង រហូតឈានដល់ការពើបប្រយុទ្ធគ្នាជាញឹកញាប់ជាមួយនឹងកងទ័ពរបស់របបយោធា។

ការវាយប្រយុទ្ធគ្នា កាន់តែមានសភាពខ្លាំងក្លា រវាងកងទ័ពរបបយោធាមីយ៉ាន់ម៉ា (ឬភូមា) និងក្រុមចលនាប្រឆាំង នៅក្នុងទីក្រុង ថាន់ត្លាង (Thantland) រដ្ឋឈិន (Chin) ។ រីឯផ្ទះសម្បែងមួយចំនួន នៅក្នុងទីក្រុងនេះ ក៏ត្រូវបានភ្លើងឆេះ ដោយារការវាយប្រយុទ្ធគ្នា នេះ។ ចំណែកប្រជាជនរស់នៅក្នុងទីក្រុង ជិត៨ ០០០នាក់ បានរត់ភៀសខ្លួន គេចចេញពីសង្គ្រាម ហើយអ្នកខ្លះបានរត់ទៅឆ្លងដែន ចូលទៅកាន់ប្រទេសឥណ្ឌា ដែលមានចំនួនកើនឡើងរាប់ពាន់នាក់។

បើតាមទីភ្នាក់ងារសារព័តមានរ៉យទ័រ បានឲ្យដឹងថា ការវាយប្រយុទ្ធគ្នា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបណ្ដាលឲ្យផ្ទះចំនួន២០ខ្នង នៅក្នុងទីក្រុង Thantlang ត្រូវភ្លើងឆេះអស់។ ចំណែកមនុស្ស ៥ ៥០០នាក់ បានរត់ ចេញពីមីយ៉ាន់ម៉ា ឆ្លងដែនចូលទៅដល់រដ្ឋ Mizoram ប្រទេសឥណ្ឌា។

ទោះជាយ៉ាងណា គេនៅមិនទាន់មានសេចក្ដីរាយការណ៍ អំពីចំនួនអ្នកបាត់បង់ជីវិត និង រងរបួស នៅក្នុងចំណោមភាគីជម្លោះប្រដាប់អាវុធទាំងនោះនៅឡើយ៕

ប្រភព៖ BBC

Telegram