តារាចម្រៀងស្រី អ្នកនាង សួស វិហ្សា បញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ១៩ ក្រោយទទួលលទ្ធផលតេស្តជាលើកទី៣
សិល្បៈកម្សាន្ត
666

រាជធានីភ្នំពេញ៖ តារាចម្រៀងម្នាក់ទៀតហើយគឺ អ្នកនាង សួស ស្រីផល ហៅ សួស វីហ្សា បានបញ្ជាក់ថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីទទួលបានលទ្ធផលធ្វើតេស្តសំណាកជាលើកទី៣។

អ្នកតារាចម្រៀងមួយដួងនេះ បានថ្លែងប្រាប់ព័ត៌មានក្នុងស្រុកមួយ ឱ្យដឹងថា អ្នកនាងបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកជាលើកទី៣។ នាងបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយោជាមួយតារាចម្រៀងរួមអាជីព ដូចជា៖ លោក ណុប បាយ៉ារិទ្ធ និងតារាចម្រៀង អ្នកនាងសុគន្ធ នីសា កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឱ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក។

អ្នកនាង សួស វីហ្សា បានបន្ថែមថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះដែលមានអាសយដ្ឋាននៅក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ The Great Duke ។

សូមបញ្ជាក់ថា តារាចម្រៀង អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះមកដល់ថ្ងៃនេះការធ្វើតេស្ដជាលើកទី៣ ស្រាប់តែទទួលបានលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា អ្នកនាង សួស វីហ្សា មានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង។

ចំណែកុំលោកជា ពិសីអភិបាលខណ្ឌឬស្សីកែវបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថាព័ត៌មាន ស្ដីពី អ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ វេលាម៉ោង ១៥ និង៣០ នាទី បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ០១ នាក់ ជាស្ត្រី អាយុ ៣១ ឆ្នាំ ( ពាក់ព័ន្ធនឹង តារាចម្រៀង សួស វីហ្សា) មានទីលំនៅនៅបុរី ជីព ម៉ុង ឡេន ផ្ទះលេខ១៨ ផ្លូវលេខP១១ ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ដោយឡែក អ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺចំនួន ០៨ នាក់ ហើយបច្ចុប្បន្នអ្នកជម្ងឺ ត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារអ៉ីនធើខនទីណង់តាល់ (The Great Duke) ជាចុងក្រោយ អាជ្ញាធរ សម្រេចបិទទីតាំងខាងលើនេះជាបណ្ដោះអាសន្ន៕


Telegram