សេអ៊ូល៖ ការអំពាវនាវរបស់កូរ៉េខាងត្បូង ដើម្បីប្រកាសបញ្ចប់សង្គ្រាមកូរ៉េជាផ្លូវការ គឺឆាប់រហ័សពេកហើយ ខណៈដែលគ្មានការធានាថាវានឹងនាំទៅដល់ការដក« គោលនយោបាយអរិភាពរបស់អាមេរិក» ឆ្ពោះទៅកាន់ទីក្រុងព្យុងយ៉ាង។ នេះបើយោងតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់សម្តីអនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងជើង Ri Thae Song បានរាយការណ៍នៅថ្ងៃសុក្រទី ២៤ ខែកញ្ញានេះ។
បើតាមការចេញផ្សាយដោយសារព័ត៌មាន channel news asia នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះថា ការកត់សម្គាល់របស់លោក Ri Thae Song ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន កាលពីថ្ងៃអង្គារដើមសប្ដាហ៍នេះបានអំពាវនាវឱ្យមានការបិទ បញ្ចប់សង្រ្គាមកូរ៉េជាផ្លូវការ កំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ ជាមួយការស្នើឱ្យកូរ៉េទាំង២ រួមជាមួយសហរដ្ឋអាមេរិក និងចិនធ្វើសេចក្ដីថ្លែងការណ៍រួមគ្នាមួយ។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងKCNA បានរាយការណ៍បន្តទៀតថា លោក Ri Thae Song បានបញ្ជាក់ ថា «គ្មានអ្វីនឹងផ្លាស់ប្ដូរឡើយ ដរាបណាស្ថានការណ៍នយោបាយនៅជុំវិញកូរ៉េខាងជើងនៅតែមិនមានការផ្លាស់ប្ដូរ ហើយអាមេរិកនៅតែបន្តអនុវត្តនយោបាយអរិភាពចំពោះទីក្រុងព្យុងយ៉ាង...សហរដ្ឋអាមេរិកគួរតែណាស់តែលុបចោលនយោបាយស្ដង់ដារពីរ និងអរិភាពរបស់ខ្លួនដើម្បី រក្សាស្ថិរភាព និងសន្តិភាពនៅលើតំបន់ឧបទ្វីបកូរ៉េ»។
កាលពីថ្ងៃអង្គារប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានថ្លែងទៅកាន់សភាអង្គការសហប្រជាជាតិ ហើយបាននិយាយថា សហរដ្ឋអាមេរិកចង់បាន«ការទូតប្រកបដោយនិរន្តរភាព» ដើម្បីដោះស្រាយវិបត្តិជុំវិញកម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង។ ក្នុងនោះ កូរ៉េខាងជើង បានច្រានចោលការលើកឡើងរបស់អាមេរិកក្នុងការចូលរួមកិច្ចសន្ទនា ហើយប្រមុខអង្គការឃ្លាំមើលបរមាណូ របស់អង្គការសហប្រជាជាតិ បាននិយាយនៅសប្តាហ៍នេះថា កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង កំពុងដំណើរការទៅមុខយ៉ាងពេញទំហឹង។

កូរ៉េខាងជើងនិងកូរ៉េខាងត្បូង បានបាញ់សាកល្បងមីស៊ីលផ្លោងកាលពីសប្តាហ៍មុន ដែលជាការប្រកួតចុងក្រោយបង្អស់នៅក្នុងការប្រកួតប្រជែងសព្វាវុធ ដែលប្រទេសទាំងពីរបានអភិវឌ្ឍ អាវុធទំនើប ៗ កាន់តែខ្លាំងឡើង ចំពេលដែលកិច្ចខិតខំប្រឹងប្រែងគ្មានផ្លែផ្កា ចាប់ផ្តើមកិច្ចចរចាដើម្បីបន្ធូរបន្ថយភាពតានតឹង។
គួរបញ្ជាក់ថា កូរ៉េទាំង២ សព្វថ្ងៃនៅតែស្ថិតនៅក្នុងស្ថានភាពប្រកាសសង្រ្គាមនឹងគ្នាជានិច្ច ពីព្រោះថាក្រោយបញ្ចប់សង្រ្គាមកូរ៉េ (១៩៥០-១៩៥៣) កូរ៉េទាំង២បានឯកភាពគ្នាតែលើបទឈប់បាញ់តែប៉ុណ្ណោះ មិនមែនសន្ធិសញ្ញាសន្តិភាពបញ្ចប់សង្រ្គាមនោះទេ៕
ប្រភព៖ channel news asia
