អន្តរជាតិ៖ សារព័ត៌មាន irrawaddy បានចេញផ្សាយនៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ថា មនុស្ស ៨ នាក់ ត្រូវបានបាញ់សម្លាប់ និងជាង ៣០នាក់បានរងរបួស នៅពេលដែលប៉ូលិសនិងទាហាន បានបាញ់រះគ្រាប់ពិត នៅក្នុងកំឡុងពេលនៃការវាយឆ្មក់ទៅលើតំបន់លំនៅដ្ឋានក្នុងទីក្រុងម៉ាន់ដាឡាយ កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ។
ការបាញ់ប្រហារបានកើតឡើងបន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងសាហាវរវាងកងកម្លាំងសន្តិសុខ និងក្រុមបាតុករ ប្រឆាំងនឹងរបបនេះនៅពេលរសៀល។
រាប់បញ្ចូលទាំងការវាយឆ្មក់នៅពេលយប់មនុស្ស ២៤៩នាក់ត្រូវបានសម្លាប់ ដោយរបបយោធា គិតត្រឹមយប់ថ្ងៃអាទិត្យក្នុងការបង្ក្រាបលើក្រុមអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យដោយសន្តិវិធី។
អ្នកស្រុកនិយាយថា កម្លាំងសន្តិសុខបានបាញ់ដោយអាវុធស្វ័យប្រវត្តិ នៅឯ ភូមិAung Pin Lae ក្នុងសង្កាត់ Chanmyathazi ក្នុងក្រុង Mandalay ។ ក្រុមជួយសង្គ្រោះនិងអ្នកស្រុកបាននិយាយថា ការបាញ់ប្រហារបានបន្តរហូតដល់ពាក់កណ្តាលអធ្រាត្រ។ នៅក្នុងវីដេអូដែលថតដោយអ្នកស្រុកអាចលឺសំលេងកាំភ្លើង។
អ្នករត់តុទឹកតែ អាយុ ១៦ឆ្នាំ គឺជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះដោយសារអំពើហិង្សានេះ រួមជាមួយសមាជិកម្នាក់ដែលមានអាយុ ៤៣ ឆ្នាំ ជាសមាជិកនៃអង្គការសប្បុរសធម៌មួយដែលបានស្លាប់ បន្ទាប់ពីត្រូវបានបាញ់សម្លាប់។ កម្លាំងសន្តិសុខក៏បានវាយបំបែកផ្ទះនិងវាយអ្នកស្រុក។
នៅព្រឹកថ្ងៃអាទិត្យ ក្រុមប៉ូលីសនិងទាហាន ក៏បានបាញ់រះគ្រាប់ពិតដោយផ្ទាល់ផងដែរ ខណៈដែលការបង្ក្រាបការតវ៉ារបស់អ្នកស្រុកនៅតំបន់ Aung Pin Lae ។ បុរសម្នាក់ត្រូវបានសម្លាប់បន្ទាប់ពីត្រូវគេបាញ់ចំក្បាលនិងយ៉ាងហោចណាស់មនុស្ស ៦ នាក់បានរងរបួសធ្ងន់។
ក៏មានរបាយការណ៍នៃការបាញ់ប្រហាររបស់យោធាទៅលើការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារនៅរដ្ឋធានី Taunggyi នៃរដ្ឋ Shan កាលពីយប់ថ្ងៃទី ២១ ខែមីនា ដោយមានការបិទផ្លូវដោយក្រុមបាតុករបានដុតបំផ្លាញ៕ ប្រភព៖ irrawaddy