អង្គការសុខភាពពិភពលោក៖ ​ការបំពុលបរិស្ថាន(ខ្យល់)​បានសម្លាប់មនុស្ស​៧​លាននាក់ក្នុងមួយឆ្នាំ
អន្តរជាតិ
515

អន្តរជាតិ៖ ទីភ្នាក់ងារ​អង្គការសុខភាពពិភពលោក អំពាវនាវ​ឱ្យមានវិធានការបន្ទាន់ ដើម្បីដោះស្រាយការគំរាមកំហែង​បរិស្ថានដ៏ធំបំផុតមួយ ចំពោះសុខភាពមនុស្សដោយអាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត។

បើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អង្គការសុខភាពពិភពលោក​(WHO) បានរឹតបន្តឹងគោលការណ៍ណែនាំ គុណភាពខ្យល់របស់ខ្លួន ជាលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៥ ដោយព្រមានថា ការបំពុលបរិយាកាស គឺជាការគំរាមកំហែងបរិស្ថានដ៏ធំបំផុតមួយ ចំពោះសុខភាពមនុស្ស ដែលបណ្តាលឱ្យមនុស្សស្លាប់​​៧​លាននាក់ក្នុងមួយឆ្នាំ។

​គោលការណ៍ណែនាំថ្មីនេះ ត្រូវបានរៀបចំឡើងសម្រាប់កិច្ចប្រជុំកំពូលអាកាសធាតុពិភពលោក COP26 ដែលបានរៀបចំឡើងនៅទីក្រុង Glasgow ចាប់ពីថ្ងៃទី​៣១ ខែតុលាដល់ថ្ងៃទី​១២ ខែវិច្ឆិកា។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធសប្តាហ៍នេះថា «ចំណាត់ការបន្ទាន់គឺត្រូវការជាចាំបាច់ ដើម្បីកាត់បន្ថយការប៉ះពាល់នឹងការបំពុលបរិយាកាស ដោយចាត់ថ្នាក់បន្ទុកជំងឺដោយសារខ្យល់ពុលដូចគ្នានឹងការជក់បារី និង ការទទួលទានអាហារគ្មានសុខភាព»។

ជាមួយគ្នានេះផងដែរ អង្គការសុខភាពពិភពលោកបានកែសម្រួលកម្រិតការណែនាំគុណភាពខ្យល់ស្ទើរតែទាំងអស់ ដោយព្រមានថា កម្រិតបំពុលខ្យល់ដែលលើសពីគោលការណ៍នឹងហានិភ័យយ៉ាងសំខាន់ចំពោះសុខភាព។​

ក្នុងនោះ លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា« ការបំពុលបរិយាកាសគឺជាការគំរាមកំហែងដល់សុខភាព នៅក្នុងប្រទេសទាំងអស់ ប៉ុន្តែវាប៉ះពាល់ដល់ប្រជាជននៅក្នុងប្រទេសដែលមានចំណូលទាបនិងមធ្យមខ្លាំងបំផុត»។

អង្គការសុខភាពពិភពលោក បាននិយាយថា ខណៈដែលគុណភាពខ្យល់មានភាពប្រសើរឡើង គួរឱ្យកត់សម្គាល់ ចាប់តាំងពីទសវត្សរ៍ឆ្នាំ​១៩៩០ នៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់ ចំនួនមនុស្សស្លាប់ និងបាត់បង់ជីវិតដោយមានសុខភាពល្អនៅលើពិភពលោក ស្ទើរតែធ្លាក់ចុះបន្តិច ដោយសារតែគុណភាពខ្យល់បានធ្លាក់ចុះ ជាទូទៅនៅក្នុងប្រទេសដទៃទៀតស្របតាមសេដ្ឋកិច្ចរបស់ពួកគេ។

គួរបញ្ជាក់ថា ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិបានចេញសេចក្តីណែនាំចុងក្រោយស្តីពីគុណភាពខ្យល់ឬ AQGs ក្នុងឆ្នាំ ២០០៥ ដែលជះឥទ្ធិពលយ៉ាងខ្លាំង ដល់គោលនយោបាយកាត់បន្ថយ ការបំពុលបរិស្ថានទូទាំងពិភពលោក៕

ប្រភព៖ Al Jazeera

Telegram