អន្តរជាតិ៖ ក្រុមតាលីបង់ កាលពីថ្ងៃសៅរ៍ បានប្រកាសថា ពួកគេបានបាញ់សម្លាប់ក្រុមជនចាប់ជំរិតចំនួន ៤នាក់ ហើយបានចងព្យួរសាកសពរបស់ពួកគេដាក់បង្ហាញនៅទីលានសាធារណៈនៅក្នុងទីក្រុង ហេរ៉ាត (Herat) របស់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
សកម្មភាពនេះរបស់ក្រុមតាលីបង់បានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ម្នាក់របស់ក្រុមតាលីបង់បានព្រមានថា ការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដូចជាការប្រហារជីវិត និងការកាត់ដៃកាត់ជើងនឹងចាប់ផ្ដើមអនុវត្តឡើងវិញ។

មន្រ្តីមូលដ្ឋានម្នាក់បាននិយាយថា ក្រុមជនចាប់ជំរិតទាំង ៤នាក់នោះត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមតាលីបង់ បន្ទាប់ពីបានចាប់ជំរិតអ្នកជំនួញម្នាក់ និងកូនប្រុសម្នាក់របស់គាត់ដែលពួកគេទាំងពីរត្រូវបានរំដោះហើយ។
អ្នកស្រុកបាននិយាយថា សាកសពរបស់អ្នកចាប់ជំរិតម្នាក់ត្រូវបានចងព្យួរទម្លាក់ចេញដងស្ទូចនៅកណ្តាលទីក្រុង។
ក្នុងនោះ អភិបាលរងក្រុង ហេរ៉ាត (Herat) បាននិយាយថា ការចងព្យួរសាកសពក្រុមជនចាប់ជំរិតដាក់បង្ហាញជាសាធារណៈនេះ ត្រូវបានធ្វើឡើងជាការព្រមានកុំឲ្យមានការចាប់ជំរិតថែមទៀត។

គួរបញ្ជាក់ថា ចាប់តាំងពីបានឡើងកាន់អំណាចជាថ្មីនៅអាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ ខែសីហា មក ក្រុមតាលីបង់បានសន្យាថា នឹងដឹកនាំប្រទេស ដោយមិនប្រកាន់យកការគ្រប់គ្រង ដែលតឹងតែងខ្លាំងដូចកាលពីមុននោះទេ។ ប៉ុន្តែមានសេចក្ដីរាយការណ៍ជាច្រើនរួចមកហើយ ដែលបានលើកឡើងអំពីការរំលោភសិទ្ធិមនុស្សនៅទូទាំងប្រទេស៕
ប្រភព៖ BBC
