តួកគីថា ចង់ឲ្យអាមេរិកដកកងទ័ពចេញពីប្រទេស ស៊ីរីនិងអ៊ីរ៉ាក់ ដូចដែលដកទ័ពចេញពីអាហ្វហ្គានីស្ថាន
អន្តរជាតិ
363

អន្តរជាតិ៖ កងទ័ពអាមេរិកនិងណាតូ បានដកចេញពីអាហ្វហ្គានីស្ថាន ត្រឹមថ្ងៃទី ៣០ ខែសីហា បន្ទាប់ពីប្រធានាធិបតីអាមេរិកលោកចូបៃដិន ប្រកាសបញ្ចប់សង្គ្រាមជិត ២០ ឆ្នាំ។ ទោះយ៉ាងណាការដកកងទ័ពនេះ ត្រូវបានសម្គាល់ដោយភាពច្របូកច្របល់ ខណៈដែលជនស៊ីវិលអាហ្វហ្គានីស្ថានជាច្រើន ដែលបានជួយសម្ព័ន្ធភាព នៅក្នុងប្រទេសនេះត្រូវបានពួកតាលីបង់ចាប់ខ្លួនបាន។

បើតាមសារព័ត៌មាន Sputnik បានចេញផ្សាយនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រធានាធិបតីតួកគី លោក រ៉េសិប តៃយីប អ៊ែរដូហ្គែន(Recep Tayyip Erdogan)បាននិយាយដោយឆ្លើយតបទៅនឹងសំណួរមួយពីសារព័ត៌មានCBS Newsថា ប្រទេសតួកគី ចង់ ឲ្យ អាមេរិកដកកងទ័ពរបស់ខ្លួនចេញពីប្រទេសដទៃទៀតនៅក្នុងតំបន់ ដូចទៅ នឹងការដកទ័ព ចេញពីអាហ្វហ្គានីស្ថានដែរ។ លោកអ៊ែរដូហ្គែន បានដាក់ឈ្មោះជាពិសេសប្រទេសស៊ីរី និងអ៊ីរ៉ាក់ ថា ជាប្រទេសទាំងពីរដែលទីក្រុងវ៉ាស៊ីនតោនគួរតែបញ្ចប់វត្តមានយោធារបស់ខ្លួន តាមទស្សនៈរបស់លោក។ ប្រធានាធិបតីតួកគីបានស្នើថា ការផ្លាស់ប្តូរបែបនេះនឹងលើកកម្ពស់សន្តិភាពនៅក្នុងតំបន់។

នៅពេលអ្នកសារព័ត៌មានសួរថាតើលោក អ៊ែរដូហ្គែន ធ្លាប់លើកឡើងពីបញ្ហានៃការដកទ័ពចេញពីប្រទេសស៊ីរី ជា មួយប្រធានាធិបតីអាមេរិកបៃដិនដែរឬទេ? ប្រធានាធិបតីតួកគី បាននិយាយថា លោកមិនដែលសួរPOTUSអំពីរឿងនេះទេ នៅពេលពួកគេជួបគ្នានៅទីក្រុងព្រុចសែល។ លោកអ៊ែរដូហ្គែន បានបន្ថែមថា លោកនិងលោកបៃដិន ភាគច្រើនផ្តោតលើអាហ្វហ្គានីស្ថាន នៅក្នុងការសន្ទនារបស់ពួកគេ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកនិងបណ្តាប្រទេសណាតូផ្សេងទៀត បានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន នៅចុងខែសីហាកន្លងទៅនេះ បន្ទាប់ពីការប្រកាសរបស់លោក Biden អំពីផែនការបញ្ចប់សង្គ្រាមជិត ២០ ឆ្នាំនៅក្នុងប្រទេសនេះ។ ទោះបីជាត្រូវបានប្រកាសជាច្រើនខែ មុនការដកនេះត្រូវបានក្រុមអ្នកសង្កេតការណ៍ពិពណ៌នាថា មានភាពច្របូកច្របល់ ក្នុងការជម្លៀសជនជាតិរបស់ពួកគេក៏ដូចជាជនស៊ីវិលអាហ្វហ្គានីស្ថានដែលធ្លាប់ជួយពួកគេ។

សូមជម្រាបថា កងទ័ពអាមេរិកនៅតែត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ីរ៉ាក់ បើទោះបីជាមានការប៉ុនប៉ងជាច្រើនដើម្បីដកពួកគេចេញចាប់តាំងពីការចាប់ផ្តើមនៃការវាយលុករបស់អាមេរិក ប្រឆាំងនឹងប្រទេសនេះនិងនៅក្នុងប្រទេសស៊ីរី។ ក្នុងនោះ រដ្ឋាភិបាលស៊ីរី ហៅវត្តមានកងទ័ពអាមេរិកនៅលើដីរបស់ខ្លួនថា ជាការទាញយកនិងនាំចេញ ធនធានធម្មជាតិរបស់ខ្លួនដោយ ខុសច្បាប់៕

ប្រភព៖  Sputnik

Telegram