អន្តរជាតិ៖ ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញតួលេខផ្លូវការជាលើកដំបូងរបស់ខ្លួនគិតចាប់តាំងពីឆ្នាំ២០១៤មក អង្គការសហប្រជាជាតិបានប្រកាសថា មនុស្សយ៉ាងហោចណាស់ចំនួន ៣៥០.២០៩នាក់ ត្រូវបានសម្លាប់នៅក្នុងសង្គ្រាមរយៈពេល១០ឆ្នាំនៅក្នុងប្រទេសស៊ីរី។
បើយោងតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោកស្រី មីឆែល បាឆេឡេ (Michelle Bachelet) បានបញ្ជាក់ថា តួលេខនេះគឺតិចជាងចំនួនមនុស្សដែលបានស្លាប់ពិតប្រាកដនៅក្នុងសង្គ្រាមនោះ។
លោកស្រី បាឆេឡេ បានឲ្យដឹងថា ក្នុងចំណោមអ្នកបាត់បង់ជីវិតទាំងនោះគឺមានស្ត្រីប្រហែល ៨% និងកុមារប្រហែល ៨%ដែរ។
ក្រុមឃ្លាំមើលអំពើហិង្សាក្នុងប្រទេសស៊ីរីដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស កាលពីពេលថ្មីៗនេះបានប៉ាន់ស្មានថា ចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមរយៈពេល១០ឆ្នាំ នៅក្នុងប្រទេសស៊ីរី គឺជាង ៦០ម៉ឺន៦ពាន់នាក់។
អង្គការសហប្រជាជាតិបានបញ្ឈប់ជាផ្លូវការនូវការរាប់ចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមនៅស៊ីរីនៅក្នុងខែមករា ឆ្នាំ២០១៤ ដោយបានលើកឡើងថា វាមិនអាចទៅរួចទេក្នុងការកត់ត្រាឲ្យបានសុក្រឹតនូវចំនួនអ្នកស្លាប់ ដែលបានកើនឡើងឥតឈប់ឈរនោះ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នានៅក្នុងប្រទេសស៊ីរី បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០១១ នៅពេលដែលអ្នកគាំទ្រគណបក្សប្រឆាំងបានក្រោកឈរកាន់អាវុធ បន្ទាប់ពីកងកម្លាំងសន្តិសុខបានបាញ់ទៅលើក្រុមបាតុករ ដែលទាមទារឱ្យមានសេរីភាពបន្ថែមទៀត នៅក្រោមការគ្រប់គ្រងបែបផ្តាច់ការរបស់ប្រធានាធិបតីអាសាដ៕
ប្រភព៖ Al Jazeera