ទីក្រុងប៉េកាំង៖ នាវាចម្បាំងអង់គ្លេស HMS Richmond មួយគ្រឿងបានធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃច័ន្ទ(២៧ កញ្ញា) កំពុងធ្វើដំណើរឆ្ពោះទៅប្រទេសវៀតណាម នេះបើយោងតាមធ្វីតធ័រផ្លូវការរបស់នាវាមួយនេះ នៅក្នុងសកម្មភាពដែលទំនងជាធ្វើឱ្យទីក្រុងប៉េកាំងមានការខឹងសម្បារ ចំពេលមានភាពតានតឹងរវាងចិននិងតៃវ៉ាន់កាន់តែខ្លាំងឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ប្រទេសចិន បានទាមទារកោះតៃវ៉ាន់ ជាទឹកដីរបស់ខ្លួន ហើយបានបង្កើនសម្ពាធផ្នែកយោធានិងនយោបាយ ដើម្បីបង្ខំឱ្យកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យទទួលយកអធិបតេយ្យភាពរបស់ចិន។ ខណៈដែលនាវាចម្បាំងអាមេរិកឆ្លងកាត់ច្រកសមុទ្រស្ទើរតែរៀងរាល់ខែ ទោះបីជាមានការប្រឆាំងពីចិនក៏ដោយ។
រដ្ឋមន្ត្រីការពារជាតិតៃវ៉ាន់ លោក Chiu Kuo-cheng មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់នោះទេ នៅពេលសួរអំពីនាវាចម្បាំងអង់គ្លេសដោយនិយាយថា លោកមិនដឹងថា បេសកកម្មអ្វីដែលនាវាបរទេស នៅច្រកសមុទ្រតៃវ៉ាន់កំពុងធ្វើនោះទេ។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅទីក្រុងតៃប៉ិថា«នៅពេលពួកគេឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ យោធារបស់ប្រទេសយើងនឹងយល់ច្បាស់ពីស្ថានភាព ប៉ុន្តែនឹងមិនជ្រៀតជ្រែកនោះឡើយ»។
នាវាចម្បាំង HMS Richmond របស់អង់គ្លេស ត្រូវបានគេដាក់ពង្រាយនៅសមុទ្រចិនខាងកើត ដែលចូលរួមក្នុងប្រតិបត្តិការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង។
ប្រទេសចិន បានបង្កើនសមយុទ្ធរបស់ខ្លួននៅជុំវិញកោះតៃវ៉ាន់ ដោយមានអាវុធទំនើបៗនិងបញ្ជូនយន្តហោះយោធាស្ទើរតែរាល់ថ្ងៃចូលទៅក្នុងផ្នែកនិរតីនៃតំបន់ការពារអាកាសរបស់កោះតៃវ៉ាន់៕
ប្រភព៖ Channel News Asia